ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខនិងនាំយកអំណោយសម្ដេចតេជោទៅចែកជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះហារ និងស្ទឹងត្រែង

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក កើត ឆែ  អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ នេះបានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវីរៈកងទ័ព វីរៈនគរបាលដែលឈរជើងការពារព្រំដែន នៃកងពលធំ អន្តរាគមន៍លេខ៣ទិសប្រាសាទព្រះវិហារព្រមទាំងបាននាំយកអំ ណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ពនិងគ្រួសារកងទ័ពផងដែរ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា៖ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបាន ប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តីតែកងទ័ពយើងមិនបានធ្វេសប្រហែសនិងមើលស្រាលសភាពការណ៍នោះឡើយគឺយើងតែងបានពង្រឹងស្មារតីការពារបូរណៈភាពទឹកដីមិនឱ្យសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។ លោកឧត្តមសេនីយ៍ស្រី ឌឹក ថ្លែងទៀតថា៖ដោយមានការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញដែលជាអង្គភាពសម្ព័ន្ធភាពបានធ្វើឲ្យជីវភាពកងទ័ពនិងគ្រួសារកងទ័ពកាន់តែមានភាពល្អប្រសើរ។

     យើងបានកសាងផ្លូវជាច្រើនខ្សែទៅកាន់តំបន់ព្រំដែន ដែលពីមុនសូម្បីតែដើរក៏ពិបាកផង ប៉ុន្តែពេលនេះយើងអាចធ្វើដំណើរដោយរថយន្តយ៉ាងរលូន ។ ប្រព័ន្ធទឹកស្អាតដែលជួបការលំបាកកាលពីពេលមុន ឥឡូវនេះយើងមានទឹកប្រើប្រាស់ឡើងទៅដល់បន្ទាត់ព្រំដែនតែម្តង។

        លោក កើត ឆែ មានប្រសាសន៍ថ្លែងអំណរគុណដល់សន្តិភាព ដែលមានតម្លៃមហាសាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំការពារ សន្តិភាពនេះ ឲ្យបានគង់វង់ថិតថេរហើយដើម្បីការពារសន្តិភាពបានយូអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រ សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់  អណត្តិទី៧ និងអណត្តិក្រោយៗទៀត និងគាំទ្រ បេក្ខភាព លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ តកូនចៅ រៀងរហូត ។

    លោក អភិបាលរងក៏បានណែនាំការ សាកសួរសុខទុក្ខ ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនវីរៈកងទ័ព និងវីរៈនគរបាលការពារព្រំដែន ដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ ឃ្លាតឆ្ងាយពីប្រពន្ធកូន ពីគ្រួសារហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

    លោកបន្តថា៖ ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិតក្នុងបុព្វហេតុរំដោះ ជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។

       លោកឲ្យដឹងទៀតថា៖ ដោយសារតម្លៃនៃសន្តិភាពនេះហើយទើបធ្វើឲ្យរាជធានីភ្នំពេញក៏ដូចនៅទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចំរើន គឺសមរភូមិមុខ ជាអ្នកការពារ ឯសមរភូមិក្រោយជាអ្នកអភិវឌ្ឍន៍ ហើយរាជធានីភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភដល់បណ្តាកងឯកភាពឈរជើងការពារព្រំដែនទិសប្រាសាទព្រះវិហារ ជាបន្តទៅទៀត។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញគិតមកដល់ពេលនេះបានបង្កើតអនុស្សារណៈស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពជួរមុខចំនួន២គឺ៖កងពលធំអន្តរាគមន៍លេខ៣ក្នុងខេត្តព្រះវិហារ និងទី២កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ក្នុងខេត្តស្ទឹងត្រែងក្នុងស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ   និងសមរភូមិមុខក៏ដូចពង្រឹងវប្បធម៌ចែករំលែកផងដែរ។

     ចំពោះអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនតាមរយៈលោក ឃួង ស្រេង ដែលត្រូវបាននាំយកទៅជូនកងទ័ពនាឧិកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរួម មាន៖ សំរាប់កងពលធំអន្តរាគមន៍លេខ៣ចំនួន២០លានរៀល, មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល មេបញ្ជាការងកងពល ២០រូប ក្នុង១រូបថវិកា ២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យមេបញ្ជាការងវ រសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល។ ព្រមទាំង នាយទាហ៊ាន ពលទាហ៊ាន ថវិកាក្នុងម្នាក់៥ម៉ឺនរៀល ។ សំភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន ៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី ៣០០កេស , ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, រថយន្តសង្រ្គោះ ចំនួន១គ្រឿង។

កងពលតូចអន្តរាគមន៍លេខ៩ សំរាប់កងពល២០លានរៀល និងផ្តល់ថវិកាដល់នាយទាហ៊ាន និងពលទាហ៊ាន ជាច្រើនរយនាក់ទៀត។ ជាមួយគ្នានេះក៏បានផ្តល់ សំភារៈ និងគ្រឿងឧបភោគ បរិភោគ មាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ,មី៥០០កេស, ទឹកសុទ្ធ៣០០កេស, ទឹកស៊ីអ៊ីវ៦០០យួរ, ប្រេងឆា ១៦០កេស, ត្រីខ ១៦០កេស, ឧបត្ថម្ភរៀបចំប្រព័ន្ធបណ្តាញបូមទឹកនៅចំណុចខ្ពស់ជួរមុខ តំបន់មុំ៣ ចំនួន ២២.៩២៥ដុល្លារ ៕

ដោយ ៖ សំរិត


ចែករំលែក៖