ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួង បានគូសបញ្ជាក់ថា៖ សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប ( ITCZ ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធេី្វឲ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
នឹងអាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្ត នៅក្នុងភូមិសាស្ត្រ ជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C។
នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដីនិងសាធារណជនជ្រាបជាព័ត៌មាននិងបន្តមានការប្រុងប្រយត្ន័ចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ( Overflow ) និងជំនន់ទឹកភ្លៀង ( Flash Flood ) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្រ្តនៃតំបន់ជាប់ជួរភ្នំ , ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្រ្តជាប់ព្រំដែនថៃ ៕
ដោយ៖ស តារា