ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសាលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ Rethinking Tourism» ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ៕
ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានក្តីសោមនស្សរីករាយ ក្រៃលែង ចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិទាំងអស់នៅលើពិភពលោក ដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” (Rethinking Tourism) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែ កញ្ញា ជារៀងរាល់ឆ្នាំ។
ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែលបាន និងកំពុងប្រឈមនឹងឧបសគ្គជាច្រើនស្ងួតស្មាញប្រទាក់ក្រឡាគ្នា ដូចជា ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩, បញ្ហាសង្គ្រាមនៅអ៊ុយក្រែន, ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល, សង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក, បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃនិងផលិតភាពសកល, និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច សកលលោកនិងតំបន់មានការថមថយគួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់សន្ទុះកំណើនទេសចរណ៍ អន្តរជាតិ ផងដែរ។
ទន្ទឹមនេះ តាមរយៈបញ្ហាប្រឈមទាំងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធន៍ ដើម្បីជាកាលា នុវត្តភាព ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់នឹងវិបត្តិកាន់តែប្រសើរជាងមុន និង ជាធាតុចូលដ៍សំខាន់ក្នុងការគិតគួរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះអនាគតនៃវិស័យទេសចរណ៍ សម្រាប់ទាំងអស់គ្នា។
ជាក់ស្តែង សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់, គាំទ្រ, ជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះ ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាល ដំណាក់កាលទី១(Resilience & Restart) ជាដំណាក់កាល ភាពធន់នៃវិស័យទេសចរណ៍, ដំណាក់កាលទី២ (Recovery) ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍, និង ដំណាក់កាលទី៣ (Relaunch) ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យ ទេសចរណ៍កម្ពុជា។ ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញលើគ្រប់វិស័យ និង ទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាន និងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ ហើយរំពឹងថានៅឆ្នាំ២០២២ នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ ទៅ ២ លាននាក់ និងប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៦។
ជនរួមជាតិជាទីស្នេហា!
ជាការពិត ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ច សង្គមដ៏ចម្បងមួយសម្រាប់កម្ពុជា តី ទាមទារឱ្យមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅ លើការធានាចីរភាពកំណើននៃវិស័យដ៍មានសារះសំខាន់នេះ។ ចំណុចនេះទាមទារចាំបាច់ឱ្យមានការបន្តគិតគួរ លើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជានៅក្នុង កម្រិតតំបន់ និងសកលលោក។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាប័ន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។
ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ ការគិតគូរឡើងវិញ ពីទេសចរណ៍” ខ្ញុំព្រះករុណា ខ្ញុំសូមគូសបញ្ជាក់ និងផ្តល់អនុសាសន៍មួយចំនួនសម្រាប់វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំដំបូង ស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យ ទេសចរណ៍កម្ពុជា (Recovery) ឈរលើទស្សនៈ“អនាគតទេសចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ” មានដូចតទៅ៖
១. ជំរុញពិពិធកម្មការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងជំរុញពិពិធកម្មការផ្សព្វផ្សាយ តាមគ្រប់រូបភាព ខណះដែល ថ្មីៗនេះ កម្ពុជាត្រូវបានទេសចរអន្តរជាតិបោះឆ្នោតផ្តល់មតិគាំទ្រ និងទទួលរង្វាន់ពីអង្គភាព រង្វាន់ទេសចរណ៍ពិភពលោក (World Tourism Award) ជាគោលដៅទេសចរណ៍វប្បធម៌នាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ (Asia’s Leading Culture Destination Award 2022) និងជាគោលដៅទេសចរណ៍យុវជន នាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ (Asia’s Leading Youth Travel Destination Award 2022)។
២ ជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីសង្វាក់រួមគ្នា ដោយឈរលើអភិក្រម “ពីក្រោមឡើងលើ” (Bottom-up Approach) នៅតាមគោលដៅទេសចរណ៍អាទិភាព ក្នុងនោះត្រូវពង្រឹង ការរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) ដែលអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឱ្យអាជីវកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឱ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងដំណើរការអភិវឌ្ឍទេសចរណ៍ និងការបង្កើន ភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន។
៣ ផ្តល់អាទិភាពដល់ការជំរុញឌីជីថលូបនីយកម្ម នៅក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដើម្បី ពង្រឹងភាពធន់ ចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង ចូលរួមគាំទ្រដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថល, សេដ្ឋកិច្ចច្នៃប្រឌិត, សេដ្ឋកិច្ចចក្រា និងសេដ្ឋកិច្ចបៃតង នៅកម្ពុជា។
៤ ជាមួយនឹងការប្រែប្រួលដ៍ឆាប់រហ័សនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ដែលបានធ្វើឲ្យប្រែប្រួល លើទិដ្ឋភាពនៃទីផ្សារការងារសម្រាប់បុគ្គលិក ដោយក្នុងនោះតម្រូវការអ្នកជំនាញទេសចរណ៍ ដែលមាន ចំណេះដឹង និងជំនាញថ្មីៗ ដែលទាមទារឱ្យមានការពង្រឹងការបណ្តុះបណ្ដាល និងតម្រង់ទិស ទាំងការ ពង្រឹងជំនាញដែលមានស្រាប់ និងបណ្ដុះបណ្ដាលជំនាញបន្ថែម (Reskilling & Upskilling) ដើម្បីផ្ដល់ លទ្ធភាពឱ្យកំលាំងពលកម្មក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែន ទៅតាមនិន្នាការទេសចរណ៍។
៥. បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការ ទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន (ASEAN), អេកម៉ិក (ACMECS), CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា វៀតណាម), ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ក៍ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការ ទេសចរណ៍ពិភពលោក (UNWTO) និងសហគមន៍ទេសចរណ៍អន្តរជាតិជាច្រើនផ្សេងទៀត ដើម្បី ទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា។
នៅទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំសូមជូនពរឱ្យការរៀបចំ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគួរឡើងវិញពីទេសចរណ៍” (Rethinking Tourism) នៅប្រទេសឥណ្ឌូនេស៊ី ប្រព្រឹត្តទៅប្រកបដោយ ភាពជោគជ័យ និងសូមប្រគេនពរនិងប្រសិទ្ធពរជ័យដល់សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការតី អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សុខ ខេមរា