ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក្នុងនាមជាប្រធានប្ដូរវេន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ដ្រី ប្រធានប្រតិភូទទួលបន្ទុក ឧក្រិដ្ឋឆ្លងដែន នៃប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការរងអាស៊ាន ទទួលទបន្ទុកសហគមសន្ដិសុខនយោបាយ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ។ កិច្ចប្រជុំនេះ គឺជាវេទិកាសម្រាប់ រដ្ឋមន្ត្រីមកពីបណ្តាប្រទេស សមាជិកអាស៊ាន ផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាព អំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងសកល ជាពិសេសលើប្រភេទនៃឧក្រិដ្ឋកម្មទាំង១០ ដែលបានកំណត់ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ដូចជា៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ បទល្មើស បច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។ ទន្ទឹមនេះ កិច្ចប្រជុំ ក៏នឹងពិនិត្យ ពិភាក្សាលើកម្មវិធីការងារ និងផែនការសកម្មភាព ដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្តផងដែរ៕
ដោយ៖ សហការី