ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី សាយ សំអាល់ និងលោក វង សូត្រ អញ្ជើញជាអធិបតីភាពសំណេះសំណាល និង សួរសុខទុក្ខជាមួយនាយទាហាន ពលទាហាននៃយុទ្ធភូមិភាគទី១ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ ២០២២ នេះ លោក សាយ  សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង លោក វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពសំណេះសំណាល និង សួរសុខទុក្ខជាមួយនាយទាហាន ពលទាហាននៃយុទ្ធភូមិភាគទី១ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅទីបញ្ជាការដ្ឋានភូមិភាគ១ ស្ថិតក្នុងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោកឧត្តមសេនីយឯក ហួត ឈាង មេបញ្ជាការយុទ្ធភូមិភាគ១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត មេបញ្ជាការរង នាយទាហាន ពលទាហាន មេឃុំ ចៅសង្កាត់ជុំវិញខេត្ត។

នៅក្នុងឱកាសនោះ ក្នុងនាមស្ថាប័នចងសម្ពន្ធ័មេត្រីភាពជាមួយបញ្ជាការដ្ឋានភូមិភាគ១ ក្រសួងបរិស្ថាន និង ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់      ទីបញ្ជាការដ្ឋាន នាយទាហាន ពលទាហានទាំង ១១២៤នាក់ និងមេឃុំ ចៅសង្កាត់ដែលបានចូលរួមផងដែរ។

សូមបញ្ជាក់ថា, ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេ ជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងក្រុមគ្រួសារ។ ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ សូមជួបប្រទះតែសេចក្តីសុខ ក៏ដូចជាអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩៕

ដោយ : សិលា


ចែករំលែក៖