ប្រធានាធិបតីអុីរ៉ង់ លោក Ebrahi Raisi បានប្រកាសថានឹងចាត់វិធានការយ៉ាងតឹងតែងបំផុតដើម្បីទប់ស្កាត់ការបង្កអសន្តិសុខក្នុងសង្គមជាទ្រង់ទ្រាយធំនៅក្នុងតំបន់ ក្រោយការស្លាប់ខុសប្រក្រតីរបស់ស្ត្រីមួយរូបដែលត្រូវមន្ត្រីអុីរ៉ង់ចាប់ឃុំ។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយនៅថ្ងៃទី២៥ខែកញ្ញាថា មានមនុស្ស ៤១នាក់ស្លាប់ ក្នុងនោះរួមមានទាំង កម្លាំងប៉ូលិសនិងក្រុមបាតុករ ក្រោយពីមានបាតុកម្មរាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេស ក្រោយការស្លាប់របស់ស្ត្រីវ័យ២២ឆ្នាំ ដែលត្រូវក្រុមប៉ូលិសអសីលធម៌ចាប់ខ្លួនដោយសារតែស្លៀកពាក់មិនស្របតាមច្បាប់នៅក្នុងរដ្ឋធានីតេអេរ៉ង់។
មន្ត្រីអុីរ៉ង់បានបញ្ជាក់ថា នាង Amini បានស្លាប់ដោយសារតែជំងឺឈឺបេះដូង ប៉ុន្តែគ្រួសារ មិត្តភក្តិជនរងគ្រោះបានលើកឡើងថា នាងស្លាប់ដោយសារតែការប្រើទារុណកម្មពេលត្រូវចាប់ឃុំខ្លួន។ មន្ត្រីអុីរ៉ង់បានសន្យាថា នឹងបើកការស្រាវជ្រាវបញ្ជាក់ឱ្យបានច្បាស់ពីហេតុការណ៍ខាងលើ ប៉ុន្តែការសន្យានោះមិនធ្វើឱ្យពលរដ្ឋឈប់ធ្វើបាតុកម្មនោះឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា បាតុកម្មបានកើតឡើងនៅទូទាំង ៣១ខេត្ត-ក្រុងក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ ។ ក្រុមបាតុករជ្រុលនិយមនៅបានបង្កហិង្សាដុតបំផ្លាញទីតាំងសាធារណៈមួយចំនួនផងដែរ។
នេះជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសអុីរ៉ង់ចាប់តាំងពីឆ្នាំ២០១៩មក ដោយនៅពេលនោះមានបាតុកម្មហិង្សាបណ្តាលឱ្យមានពលរដ្ឋ១៥០០នាក់ស្លាប់ ៕ ដោយ៖ ធីរីណា
រូបថត៖ GettyImages
រូបថត៖ AP