ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជំពាក់ប្រាក់ធនាគារច្រើនបុរសម្នាក់គិតខ្លីចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅចម្រឹងបង្អួចបង្កការភ្ញាក់ផ្អើលទាំងក្បាលល្ងាច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថាបុរសខាងលើមានឈ្មោះ នង ដាណា  អាយុ៤០ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីមានសេចក្ដីរាយការណ៍របស់អាជ្ញាធរភូមិថាមានមនុស្សស្លាប់ដោយចងកទើបសមត្ថកិច្ចជំនាញ និងនគរបាលប៉ុស្តិ៍រដ្ឋបាល លោកគ្រូពេទ្យបានធ្វើការពិនិត្យ សន្និដ្ឋានថាពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងប្រាកដមែនដោយបានយកក្រម៉ាចងភ្ជាប់និងចម្រឹងបង្អួចក្នុងផ្ទះខណៈមិនមានស្នាកស្នាមសំគាល់អ្វីជារឿងឃាតកម្មនោះទេ។

បើតាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើទឹកមុខស្រងូតស្រងាត់មិនសូវនិយាយស្ដីច្រើនខុសពីពេលមុនខណៈធ្លាប់ប្រាប់អ្នកភូមិថាជំពាក់ប្រាក់ធនាគារច្រើនក្នុងការបង្វឹលរកស៊ីហើយខាត។

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖ សុថាន


ចែករំលែក៖