ទីក្រុងតូក្យូ៖ នៅវេលាម៉ោង ១៨៖៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង១៦.៣០នាទី(ម៉ោងនៅរាជធានីភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។
ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូប្រទេសជប៉ុន ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សូមជម្រាបថា ដំណើរអញ្ជើញមកកាន់ប្រទេសជប៉ុននេះ គឺដើម្បីចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្តី ជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ស្អែកនេះ។
អតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្តី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ឯកឧត្តមបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។ លោកត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសមភាគី បរទេសរបស់សម្ដេច និងទទួលការជួបសម្ដែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន៕
ដោយ៖ សុខ ខេមរា