ខេត្តសៀមរាប ៖ ដើមឈើប្រណិតប្រភេទធ្នង់ ដ៏ធំមួយដើម ត្រូវបានគេលួចកាប់កាលពីវេលាយប់ថ្ងៃទី២៧ចូលទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក ម៉ុង ប៊ុនលីម បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី២៨ នេះថា ដើមឈើធ្នង់១ដើម មុខកាត់គល់ទំហំ១,២០ម៉ែត្រ និងប្រវែង៦ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានជនសង្ស័យលួចកាប់នៅពេលយប់។ លោកថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះកម្លាំងសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើអាជ្ញាធរ ជាតិអប្សរា និងអាជ្ញាធរដែនដី បានចុះទៅពិនិត្យមើលនៅទីតាំងកើតហេតុ។
លោក ម៉ុង ប៊ុនលីម លើកឡើងថា ”ដើម(ធ្នង់)ហ្នឹងនៅ ក្នុងដីអាស្រ័យផលរបស់ពលរដ្ឋដែលស្ថិតក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ឥឡូវដោយសារវានៅសើមយើងយកអត់ទាន់រួច ក៏ផ្ញើទុកនៅកន្លែងហ្នឹងជាមួយអ្នកជិតខាងសិនរង់ចាំដល់ស្ងួតដីចាំយក”។
បើតាមលោកនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា ដើមឈើដែលគេកាប់នេះ ជនសង្ស័យនៅមិនទាន់បានយកចេញមួយផ្នែកណានៅឡើយទេ ។ តែយ៉ាងណាកម្លាំងសមត្ថកិច្ចក៏នឹងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យមកផ្តន្ទាទោសឲ្យខានតែបាន៕
ដោយ៖ សូរិយា