ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តTOYOTA HILUX VIGO មួយគ្រឿងពាក់ស្លាកលេខនគរបាល និងបិទឡូហ្គោPOLICE ជ្រុលទៅបុកបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ បណ្ដាលឱ្យបាក់អស់មួយផ្ទាំង តែសំណាងល្អដែរដែលរថយន្តមិនធ្លាក់ចុះទៅក្រោម គ្រាន់តែរងការខូតខាតប៉ុណ្ណោះ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចលើស្ពានព្រះមុនីវង្សចាស់ ផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA HILUX VIGO ពណ៌ត្រេអុី ពាក់ស្លាកលេខនគរបាល2-7070 បិទឡូហ្គោPOLICE ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះឡើងលើស្ពានព្រះមុនីវង្សចាស់ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តកល់ជាប់មិនធ្លាក់ចុះក្រោមឡើយ ដោយគ្រាន់តែរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ