ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមមួយព្រឹកសោះចេញឆក់២ដងអស់លក្ខណ៍ជនរងគ្រោះដេញធាក់ធ្លាក់ពីលេីម៉ូតូឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

 ភ្នំពេញ ៖ ជនសង្ស័យ៤នាក់បានចេញធ្វើសកម្មភាពឆក់យកកាបូបលុយ យ៉ាងសកម្ម ដោយត្រឹមតែមួយព្រឹកសោះពួកគេចេញឆក់២ដង តែភ្លាត់ស្នៀតចេញឆក់លើកទី២ត្រូវជនរងគ្រោះដេញធាក់ធ្លាក់ពីលេីម៉ូតូឃាត់ខ្លួនបានម្នាក់ចំណែក៣នាក់ទៀតគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យម្នាក់ដែលពលរដ្ឋចាប់បាន មានឈ្មោះ ហុិន រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

    ចំណែកជនរងគ្រោះដែលក្រុមជនសង្ស័យឆក់លើកទី១ឈ្មោះសៀន វិន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បាត់បង់លុយអស់ ជាង៤០មុឺនរៀល ។ រីឯជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យឆក់លើកទី២ មិនស្គាល់ឈ្មោះ ព្រោះក្នុងកាបូបមានលុយតែ៧ពាន់រៀល ហើយពេលជនសង្ស័យឆក់បានហើយក៏បោះចោលត្រូវបានជនរងគ្រោះរើសយកវិញហើយបន្តដំណើរទៅបាត់ទៅ មិនរង់ចាំដាក់ពាក្យបណ្តឹងឡើយ ។

     តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យមានគ្នា៤នាក់បានធ្វើសកម្មភាពឆក់យកកាបូបលុយពីស្ត្រីរងគ្រោះទី១ដែលកំពុងជិះឡំប្រឺតាពីត្បូងទៅជើង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ពេលឆក់បានសម្រេចហើយ ក្រុមជនសង្ស័យបានជិះម៉ូតូបត់ត្រឡប់ក្រោយ តាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូងនៅផ្លូវម្ខាងទៀត ទៅឆក់យកកាបូបលុយជាលើកទី២នៅមុខខ្លោងទ្វារវត្តអង្គត្រកៀត ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូលបានសម្រេចហើយ តែក្នុងកាបូបមានលុយតែ៧ពាន់រៀលទើបជនសង្ស័យបោះកាបូបចោល ជនរងគ្រោះរើសយកបានវិញរួចបន្តដំណើរទៅបាត់ទៅ។  ពលរដ្ឋឃើញហេតុការណ៍បែបនេះក៏ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ធ្លាក់អ្នកជិះក្រោយម្នាក់ ហើយព្យាយាមរត់គេចឆ្លងផ្លូវចូលមកខាងភូមិក្រាំងដូនទៃវិញ ពលរដ្ឋដេញចាប់បាន ស្វាគមន៍្នម្នាក់មួយដៃមួយជើងទើបប្រគល់ឱ្យសមត្ថកិច្ច ។

     នៅកន្លែងកើតហេតុ វត្តមានជនរងគ្រោះដែលធ្លាប់ត្រូវក្រុមជនសង្ស័យទាំងនេះឆក់យកកាបូបកាលពីមុនបុណ្យភ្ជុំ បិណ្ឌមកស្វាគមន៍បន្ថែម ។ ជនសង្ស័យចាប់បានម្នាក់ត្រូវបានសមត្ថកិច្ចនាំតាមម៉ូតូកង់បីយកទៅប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖