ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រប់គ្រងផ្សារសាមគ្គីក្រុងស្ទឹងត្រែង កំពុងរងការរិះគន់ពីមហាជនខណៈយកផ្លូវសាធារណៈធ្វើជាផ្សារលក់ដូរគ្មានសណ្តាប់ធ្នាប់បង្កការកកស្ទះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អ្នកគ្រប់គ្រងផ្សារសាមគ្គីក្រុងស្ទឹងត្រែងកំពុងទទួលរងនូវការរិះគន់ពីមហាជនយ៉ាងខ្លាំងខណ:ដែលអាជ្ញាធរបណ្តោយឱ្យអាជីវករយកផ្លូវសាធារណ:ធ្វើផ្សារលក់ដូរ បង្កការកកស្ទះ គ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យប៉ះពាល់ដល់សោភណភាពរបស់ក្រុងស្ទឹងត្រែងទាំងមូល។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ គេសង្កេតឃើញថា  ជុំវិញបរិវេណផ្សារសាមគ្គីក្រុងស្ទឹងត្រែង ពោរពេញទៅដោយការលក់ដូរគ្មានសណ្ដាប់ធ្នាប់ ដោយគេដាក់លក់ទំនិញពាសវាលពាសកាលពេញលើផ្លូវសាធារណៈរហូតហៀរទៅដល់រង្វង់មូលផ្លូវ អតីតកំពង់ស្រឡាងចាស់ គ្មានសណ្ដាប់ធ្នាប់ អនាធិបតេយ្យ គ្មានការរៀបចំឱ្យបានត្រឹមត្រូវសោះ ពីសំណាក់អាជ្ញាធរក្រុងស្ទឹងត្រែង និងប្រធានសន្តិសុខផ្សារ ជាពិសេសគណៈគ្រប់គ្រងផ្សារតែម្តង។ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋនិងមហាជនដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ក៏ដូចបងប្អូនប្រជាពលរដ្ឋមកពីខេត្តផ្សេងៗមកលេងម្តងៗ ក៏ដូចបងប្អូនអ្នកចូលផ្សារទិញបន្លែត្រីសាច់ជាដើម ធ្វើឱ្យពួកគាត់លំបាកនៅក្នុងការបើកបរយានយន្ត និងលំបាករកកន្លែងឈប់ចតរថយន្តម៉ូតូសឹងតែគ្មាន។ 

    ប្រភពពីមហាជនបានបន្តទៀតថា: ចំណែកខាងភាស៊ីផ្សារនិងអ្នករៀបចំសណ្តាប់ធ្នាប់ផ្សារដឹងតែពីដើរយកលុយពីអាជីវករលក់ដូរ ដោយមិនខ្វល់ពីបញ្ហាកកស្ទះ និងមិនខ្វល់ពីការបាត់បង់ សម្រស់ក្រុងខេត្តស្ទឹងត្រែងឡើយ។

     ជុំវិញរឿងនេះលោកផាន់ វ៉ាន់យុទ្ធ នាយករដ្ឋបាលសាលាខេត្តបានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញាថា បញ្ហាសណ្តាប់ធ្នាប់លក់ដូរតាមផ្លូវសាធារណៈនេះ ថ្មីៗនេះខេត្តបាននិងកំពុងរិះរកវិធីដោះស្រាយ ជាមួយរដ្ឋបាលក្រុង និងគណៈអាជីវករផ្សាររួចហើយ តែយើងទាមទារពេលវេលាដើម្បីបំពញនីតិវិធីរដ្ឋបាលខ្លះមុនឈានទៅអនុវត្តជាក់ស្តែង។ 

    គួររំលឹកថា: ករណីររៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនេះ គេសង្កេតឃើញថា ក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្សារទៅលើអាជីវករលក់ដូរដែលគ្មានសណ្តាប់ធ្នាប់នេះ មិនមែនទើបតែមាននោះទេ ហើយអាជ្ញាធរក៏ធ្លាប់បានរៀបចំជាច្រើនសាមកហើយដែរ តែហាក់បីដូចជាវែកចក ពេលដែលសមត្ថកិច្ច អាជ្ញាធរ គណៈអាជីវករផ្សារចុះអនុវត្តរៀបចំហើយឃើញស្អាតទៅ ពេលដែលអាជ្ញាធរ សមត្ថកិច្ចទៅបាត់ពួកគេមកលក់ពាសពេញផ្លូវដដែល តើនេះជាកំហុសអ្នកណា អាជ្ញាធរក្រុង ឬគណៈអាជីវករផ្សារ? ឬមួយមកពីពាក់ព័ន្ធមានមនោសញ្ចេតនាសែស្រឡាយ ជាមួយអាជីវករលក់ដូរយកលុយបង់ប្រចាំថ្ងៃ ដាក់ខែជាថ្នូរ ទើបមានការយោគយល់បែបនេះ ព្រោះបច្ចុប្បន្នផ្សារក្នុងខេត្តស្ទឹងត្រែងយើងមាន៣កន្លែងឯណោះ មិនគួរណាបណ្តោយឱ្យអាជីវករ យកផ្លូវធ្វើផ្សារលក់ដូរបែបនេះឡើយ៕

ដោយ៖ មាស សុផាត


ចែករំលែក៖