ខេត្តរតនគិរី ៖ កម្លាំងជំនាញអធិការក្រុងបានលុងសហការជាមួយប៉ុស្តិ៍រដ្ឋបាលបឹងកន្សែងបានធ្វើស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ១នាក់ជាមុខសញ្ញាករណីហិង្សាដោយចេតនា ។
ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ តាមបណ្តឹងជនរងគ្រោះ។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបានលុងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ មករា (ហៅតឿ) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ សាន់ មូលីតា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិអូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរគ្រូសិល្បៈ ។
របាយការណ៍ឱ្យដឹងថា ជនសង្ស័យខាងលើ និង ជន រងគ្រោះ ពួកគាត់ទាំងពីរនាក់បានលែងលះគ្នាច្រើនឆ្នាំមកហើយតែ ជនសង្ស័យតែងតែទៅគំរាមកំហែងប្រើអំពើហិង្សាជារឿយៗ រហូតមកដោយជនរងគ្រោះទ្រាំចំពោះទង្វើនេះមិនបានក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង ។ ការឃាត់បុរសខាងលើនេះដែរសមត្ថកិច្ចបានដកហូតកាំបិតស្នៀតចំនួន ០១ដើម (ដែលជាវត្ថុតាងប្រព្រឹត្តបទល្មើស)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលក្រុងបានលុងបណ្តោះអាសន្នដើម្បីបំពេញ សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី តាមនីតិវិធី៕
ដោយ៖ សូរិយា