ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគុំតន្រ្តី អ្នកលក់ដូរកីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបថា ដើម្បីចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ឱ្យបានល្អប្រសើរក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប ឆ្នាំ២០២២ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៤កើត និងថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង សូមធ្វើការណែនាំមួយ ចំនួនដូចខាងក្រោម៖
១. មន្ទីរ អង្គភាព គ្រឹះស្ថានសាធារណៈនានារបស់រដ្ឋ រដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំតុបតែងលម្អភ្លើង ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងសម្អាតអនាម័យបរិស្ថាននៅតាមបរិវេណមន្ទីរ អង្គភាព ស្ថាប័នរៀងៗខ្លួនឱ្យបានស្អាតជាប្រចាំ។
២.ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគុំតន្ត្រី និងអ្នកលក់ដូរទាំងអស់ត្រូវមានធុងសំរាម ឬថង់ សម្រាប់ទុកដាក់សំរាមផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ។
៣.បងប្អូនប្រជាពលរដ្ឋ កីឡាករអុំទូក និងអ្នកមកលេងកម្សាន្តទាំងអស់ ត្រូវវេចខ្ចប់ និងទុកដាក់ សំរាមនៅក្នុងធុងសំរាម ឬថង់ដាក់សំរាមឱ្យបានត្រឹមត្រូវ។
រដ្ឋបាលខេត្ត សង្ឃឹមថា មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគុំ តន្ត្រី អ្នកលក់ដូរ កីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តតាមសេចក្តីជូន ដំណឹងនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ ៕
ដោយ : សិលា