ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តសហការ ជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀង បានចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ និងកាបូបដាក់ប្រាក់។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ០១ខែតុលា ឆ្នាំ២០២២ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្ថិតនៅភូមិ មេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះមាស គឹមលី ភេទប្រុស អាយុ២៩ មុខរបរមិនពិតប្រាកដរស់នៅភូមិ ត្រាវ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះថាមានជនសង្ស័យបានលួចទូរស័ព្ទ និងកាបូបដាក់ប្រាក់កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២កន្លងមកសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបានចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យតែម្ដង។
បន្ទាប់ពីជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពលួចប្រាកដមែន កំលាំងសមត្ថកិច្ចអាវុធហត្ថក្រុង បានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ស្វាយរៀងដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ សុ ថាន