ខេត្តឧត្តរមានជ័យ ៖ នាយទាហាន នាយទាហានរង ពលទាហានកងទ័ពជើងគោក សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយោធាពីរនាក់ដែលបានទទួលមរណភាពក្រោយពេលចុះជួយក្មេងលង់ទឹក។
សូមបញ្ជាក់ថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន០២នាក់ បានទៅបង់ត្រីនៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេង០២នាក់កំពុងលង់ទឹកទើបចុះជួយសង្គ្រោះ ហើយពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរកួចខ្លាំងពេកបណ្តាលឱ្យអ្នកជួយសង្គ្ត្រោះទាំងពីរនាក់លង់ស្លាប់តែម្តង៖
១-ពលបាលឯក ឈន ស៊ីដេត អាយុ ៣៩ឆ្នាំ អត្តលេខ ២៣៤៦៩០ ។
២-ពលទោ វ៉ាន់ ថុល អាយុ២៣ឆ្នាំ អត្តលេខ២៣៨១៤២ ។
បច្ចុប្បន្នសាកសពយោធិនទាំងពីរបានរកឃើញ(នៅម៉ោង១១:៣០នាទីម្នាក់ និងនៅម៉ោង ១៧:១០នាទីម្នាក់ទៀត)
យោធិនទាំង២នាក់នេះ បានបំពេញការងារនៅកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
យើងទាំងអស់គ្នា សូមចូលរួមសោកស្តាយនូវការបាត់បង់យោធិនពលីចំនួនពីររូប និងសូមឲ្យវិញ្ញាណក្ខន្ធសពវីរយោធិនទាំង២ទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាត៕
ដោយ ៖ វណ្ណៈ