ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជនសោធននិវត្តន៍នៅឃុំ​បាក់ស្នា ស្រុកបារាយណ៍ បានទទួលខ្នងផ្ទះទី២១៣ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន​ទៅប្រគល់ខ្នងផ្ទះទី២១៣ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​  ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិ​កំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ​ ។​

     លោកឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​៖ លោកអនុសេនីយ៍ឯក សៅ ឌុំ  អាយុ៧៣ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានក្រសួងការពារជាតិដាក់ឱ្យចូលនិវត្តតាមការកំណត់នៅឆ្នាំ១៩៩៦ ។  លោកមានភរិយានិងមានកូនក្នុងបន្ទុកចំនួន៤នាក់ បច្ចុប្បន្ន​មាន​ជំរក​ស្នាក់នៅ​មិន​សមរម្យ​ ។  ដោយ​ឃើញ​ពី​ការ​លំបាក​នេះ​ អាជ្ញាធរ​ដែនដី​ និង​ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ម្ពុជា ខេត្តកំពង់​ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១៣ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត តាម​រយៈ លោកទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍ គន់​ គីម​ ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់  ។​

     នៅ​ក្នុងឱកាសនេះ​ លោកសេនីយ៍ទោ  សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់​សូម​រួម​គ្នា​ចូលរួម​អនុវត្ត​ន៍​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព ពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់យើង ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសង ខុស​ច្បាប់​  និង​ត្រូវ​ខិតខំ​ដាំដំណាំ  ចិញ្ចឹមសត្វ ព្រមទាំងប្រកប​មុខរបរ​រកទទួលទានដោយសុច្ចរិតទៀងត្រង់​ ជា​មួយ​នេះដែរត្រូវបន្ត​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការការ​ពារ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ បីការពារនិងបីកុំ របស់សម្តេចតេជោ ហ៊ុន សែន ។ 

      ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ លោកសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ​ចំនួន​២យួរ  និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។

       លោក សៅ ឌុំ  អតីតយុទ្ធជនសោធននិវត្តន៍ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត​និង​សូម​គោរព​ជូន​ពរ​ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី  រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង​បានប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន​ សែន​ លុះ​អវសាន្តជីវិត​ ៕

ដោយ៖ កែវមន្នី


ចែករំលែក៖