ព័ត៌មានទាន់ហេតុការណ៍៖

កូនផ្សោតថ្មី១ក្បាលមានអាយុប្រហែល ២សប្តាហ៍ ត្រូវបានក្រុមស្រាវជ្រាវប្រទះឃើញហែល តាមដងទន្លេមេគង្គ

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលរបស់រាជរដ្ឋាភិបាល និងអង្គការ WWF បានថតរូបកូនផ្សោត ទន្លេមេគង្គមួយក្បាល និងបានបញ្ជាក់ថា វាជាកូនទីប្រាំមួយ ដែលត្រូវបានកត់ត្រានៅឆ្នាំនេះ។ កូនផ្សោតថ្មីមួយក្បាលនេះមានអាយុប្រហែល ២សប្តាហ៍ បានប្រទះឃើញហែល ជាមួយសត្វផ្សោតពេញវ័យចំនួន៤ក្បាលផ្សេងទៀត ខណៈដែលក្រុម ការងារកំពុងចុះសិក្សាស្រាវជ្រាវអំពីចំនួនសត្វផ្សោត ក្នុងតំបន់ទីជម្រកស្ថិតនៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីអង្លង់កាំពី នៃខ្សែទឹកខាងលើក្នុងស្រុកសំបូរ ខេត្តក្រចេះ។ 

គួររំលឹកផងដែរថា កូនសត្វផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាកាលពីឆ្នាំ២០២១។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលនេះជាចំណាត់ថ្នាក់នៃប្រភេទគំរាមកំហែង ខ្ពស់បំផុតជាសកលសម្រាប់ប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៨៩ក្បាល ក្នុងឆ្នាំ២០២០ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។

បន្តែមលើសនេះ រដ្ឋបាលជលផល និងអង្គការ WWF បានឲ្យដឹងថា និងសហការជាមួយអាជ្ញាធរមូលដ្ឋានកាន់តែខ្លាំងក្លា ជាងមុនក្នុងការការពារតំបន់ដែលជាទីជម្រកសត្វផ្សោត ពេលបន្តពង្រឹងការអនុវត្តច្បាប់ជលផល និងវិធានការអភិរក្សសត្វផ្សោតនៅទូទាំងទីជម្រកសត្វផ្សោតទាំងមូលតាមដងទន្លេមេគង្គចាប់ពីខេត្តក្រចេះ រហូតដល់ខេត្តស្ទឹងត្រែង ដែលសកម្មភាពទាំងនេះនឹងធ្វើឡើងតាមរយៈការល្បាតជាប្រចាំរបស់ឆ្មាំទន្លេ និងការចូលរួមរបស់សហគមន៍នេសាទ ក្នុងកម្មវិធីអភិវឌ្ឍជីវភាពមូលដ្ឋាន និងចូលរួមក្នុងការអភិរក្សសត្វផ្សោត និងពពួកត្រីមេពូជដោយបញ្ឈប់ឱ្យបាននូវការនេសាទខុសច្បាប់ ជាពិសេសបញ្ឍប់ការប្រើប្រាស់មងនេសាទ ឧបករណ៍ឆក់ និងឧបករណ៍ផ្សេងៗទៀត ដែលត្រូវបានហាមប្រាមដោយច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖