ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូយុវជន​កាកបាទក្រហមកម្ពុជា ២នាក់ ចូលរួមវេទិកាយុវជន នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ​

ចែករំលែក៖

ប្រទេសប្រ៊ុយណេ ៖ នៅថ្ងៃទី៣-៥ ខែតុលា ឆ្នាំ២០២២​នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យប្រតិភូយុវជន​កាកបាទក្រហមកម្ពុជា ២នាក់​ ចូលរួមវេទិកាយុវជន នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅទីក្រុង​ Bandar Seri Begawan ប្រទេសប្រ៊ុយណេ ដោយ​មានការចូលរួមពីតំណាងយុវជនកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍ចំនួន​ ១១​ សមាគមជាតិ​ សរុបចំនួន​ ២៤នាក់​ (ស្រី​ ១១នាក់)។ 

ទៅតាមរបៀបវារៈនៃកម្មវិធី​ ជាលទ្ធផលនៃវេទិកាយុវជននេះ ទទួលបាននូវធាតុចូល និងទស្សនៈទានជាច្រើនរួមមាន ៖

– យុវជនយល់ដឹងកាន់តែស៊ីជម្រៅ ចំពោះការបណ្ដុះគំនិត និងជំនាញក្នុងភាពជាអ្នកដឹកនាំក្នុងសតវត្សរ៍ទី២១ ស្របតាមបុគ្គលិកលក្ខណៈនៃអ្នកដឹកនាំវ័យក្មេងក្នុងស្ថានភាពខុសៗគ្នា ដោយរួមបញ្ចូលនូវបរិយាប័ន្ន 

-យុវជនបានពិភាក្សា និងបង្ហាញទស្សនៈរបស់ខ្លួន ក្នុងការដាក់ធាតុចូលទៅក្នុងយុទ្ធសាស្ដ្ររបស់ចលនា 

– យុវជនបានយល់ដឹងបន្ថែមអំពីអនុស្សរណៈរវាងសហព័ន្ធអន្ដរជាតិ-អាស៊ាន និងឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីប្រើប្រាស់គោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្ដរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត  

-យុវជនយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ច្បាប់មនុស្សធម៌អន្ដរជាតិ ក្នុងបរិបទប្រទេសមានសង្គ្រាម ជម្លោះប្រដាប់អាវុធ អំពើហិង្សា និងប្រទេសមានសន្ដិភាព

-យុវជនបានពិគ្រោះយោបល់ និងកសាងសេចក្ដីថ្លែងការណ៍រួមស្ដីពីលទ្ធផល និងបូកសរុបទស្សនៈរបស់យុវជន ក្នុងវេទិកាយុវជន ដើម្បីបង្ហាញក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំនៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៦ ខែតុលា​ ស្អែកនេះ

-យុវជនទទួលបាននូវអនុសាសន៍ណែនាំបន្ថែមអំពីតួនាទី ភារកិច្ចក្នុងនាមជាអ្នកដឹកនាំវ័យក្មេងទៅថ្ងៃអនាគត ៕


ដោយ : សហការី


ចែករំលែក៖