ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា មានគ្រោះរញ្ជួយដីកម្រិត៥,៤ រុិចទ័រ នាថ្ងៃទី៥ខែតុលា ស្ថិតនៅភាគពាយព្យនៃប្រទេសអុីរ៉ង់បណ្តាលឱ្យមនុស្សជាង៥០០នាក់រងរបួស ដោយមិនទាន់មានអ្នកស្លាប់នោះទេ។
លោក Mohammad Sadegh Motamedian អភិបាលខេត្ត West Azerbaijan បានប្រាប់ទូរទស្សន៍រដ្ឋឱ្យដឹងថា ការរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រធ្វើឱ្យមនុស្សចំនួន៥២៨នាក់រងរបួស ក្នុងនោះ១៣៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការរញ្ជួយដីនេះក៏បានបង្កការខូចខាតចំពោះផ្ទះចំនួន៥០០ខ្នងផងដែរ ដែលក្នុងនោះ៥០ខ្នងត្រូវបានបំផ្លាញទាំងស្រុង នៅតាមភូមិចំនួន១២ ដែលរងការប៉ះពាល់។
ចំណែកអ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់ជាតិ លោក Mojtaba Khalediក៏បានឱ្យដឹងផងដែរថា «ថាមពលអគ្គិសនី និងទឹកត្រូវបានកាត់ផ្តាច់នៅក្នុងភូមិមួយចំនួន ក្បែរទីក្រុងសាល់ម៉ាស់ (Salmas) និងទីក្រុងខូយ (Khoy) ជាទីដែលស្ថិតនៅជិតចំណុចកណ្តាលនៃការញ័ររញ្ជួយដី។
អ៊ុីរ៉ង់ជាប្រទេសដែលធ្លាប់រងនូវការរញ្ជួយដីជាញឹកញាប់។ ការរញ្ជួយដីស្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសអុីរ៉ង់ គឺបានកើតឡើងកាលពីឆ្នាំ១៩៩០ ក្នុងកម្រិត៧.៤ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សចំនួន ៤០,០០០នាក់ និងបង្កឱ្យរបួស៣០០,០០០នាក់ ព្រមទាំងធ្វើឱ្យមនុស្សកន្លះលាននាក់ទៀត បាត់បង់ផ្ទះសម្បែង។ ចំណែក ករណីរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ កាលពីឆ្នាំ២០០៣នៅភាគអាគ្នេយ៍ប្រទេសអុីរ៉ង់ បានបង្កការខូចខាតធ្ងន់ធ្ងរចំពោះទីក្រុងបុរាណ បាម (Bam) និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣១,០០០នាក់ដែរ៕ ដោយ៖ ធីរីណា
ប្រភពរូបថត៖ HanoiTV.VN