ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារ សុខាភ្នំពេញ។
សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។
សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ពិតជាមានក្តីរីករាយដែលបានអញ្ជើញចូលរួមបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G Gear Group) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី ដែលបានផ្តួចផ្តើមរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ « មនុស្ស » ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាព ក្រីក្រ ។ ជាក់ស្តែង កម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់ លាននាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា ៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ។ ជាមួយគ្នានេះ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយមុន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រាកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ ។
ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ ។ ជាការពិត នៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែល ជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ ។
ជាការឆ្លើយតប បន្ថែមពីលើវិធានការសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាពរបស់ កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរកម្លាំងសរុបរបស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស ។ សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យតាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្តើរៗប្រកបដោយភាពធន់ និងរឹងមាំ ។
ថ្វីត្បិតតែជំងឺកូវីដ-១៩ បានថមថយ បញ្ហាប្រឈមផ្សេងទៀតក៏បាន និងកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និង សម្ពាធអតិផរណា បូករួមទាំងការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ដែលបាននិងកំពុងដាក់សម្ពាធបន្ថែមមកលើអាយុជីវិត និងជីវភាពរបស់ប្រជាជនយើង ជាពិសេសប្រជា-ជនក្រីក្រ និងងាយរងគ្រោះ។ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បាន យ៉ាងល្អប្រសើរ ។ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅជុំវិញពិភពលោកនៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា ។ ក្នុងនោះ កាលពីខែ តុលា ឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមាន ការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា ។ បន្ថែមលើនេះ រាជ- រដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពល ជាដើម ។
ដើម្បីជាធាតុចូលបន្ថែមដល់សន្និសីទនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវការគិតគូរ និងទិសដៅរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖
១-បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹង ជំរុញ ការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាច ជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
២-ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាព គ្របដណ្តប់ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើក ទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ។
៣-ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិងជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និង បច្ចេកវិទ្យា។
៤-ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការ វិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហ- គ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត មុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្តល់ការគាំទ្រផ្នែក-បច្ចេកទេសនិងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាស ធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម។
៥-បច្ចេកវិទ្យាឌីជីថល បានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ មិនថាស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬកំពុងអភិវឌ្ឍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបានក្នុងរយៈពេលដ៏ខ្លី ។ ដូចនេះ កម្ពុជាត្រូវចាប់យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ » « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ » និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។
៦-ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយចាំបាច់សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរ-កាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា-បៃតងជាដើម។
៧-កិច្ចការងារធំៗទាំងអស់នេះ ត្រូវការធនធានហិរញ្ញវត្ថុ ទាំងពីវិស័យឯកជន និង វិស័យសាធារណៈ ។ ឈរលើស្មារតីនេះ ការបន្តពង្រឹងស្ថិរភាព ពិពិធកម្មវិស័យហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកប- ដោយភាពធន់ និងបរិយាបន្ន ដោយមានការចូលរួមពីវិស័យឯកជន គឺពិតជាមានសារៈ-សំខាន់ ។ ជាមួយគ្នានេះដែរ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន ទទួលលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្ហូរថវិកាកាន់តែច្រើនទៅកាន់វិស័យអាទិភាព បង្កើននូវធនធានវិនិយោគសាធារណៈ អាចសន្សំ លើកស្ទួយឯករាជ្យភាពផ្នែកថវិការបស់កម្ពុជានិងអនុវត្តគោលនយោបាយ និងវិធានការអន្តរាគមន៍ទាំងឡាយ ដើម្បីជួយប្រជាជន និងវិស័យឯកជនដែលបាននិងកំពុងបន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ។ ក្នុងន័យនេះ ការអនុវត្តដោយជោគជ័យនូវ គោលដៅធំៗរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕
ដោយ ៖ សុខ ខេមរា