ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចុះហត្ថលេខាលើច្បាប់បញ្ចូលរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye ជាទ្រព្យសម្បត្តិរបស់រុស្ស៊ី ។ តាមសារព័ត៌មាន TASS បានផ្សាយថា តាមច្បាប់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៥ខែតុលា ក្នុងនោះបានសរសេរថា «រដ្ឋាភិបាលរុស្ស៊ីនឹងអនុវត្តវិធានការចាំបាច់ដើម្បីបង្កើតសិទ្ធិគ្រប់គ្រងរោងចក្រអគ្គិសនីបរមាណូ និងទីតាំងជាច្រើនផ្សេងទៀត ។
ប្រធានាធិបតីពូទីន បានចេញបញ្ជាដល់រដ្ឋាភិបាលបង្កើតក្រុមហ៊ុនរដ្ឋដើម្បីគ្រប់គ្រងរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពទ្រព្យសម្បត្តិរបស់រុស្ស៊ី ។ លិខិតអនុញ្ញាត សម្រាប់ដំណើរការរោងចក្រអគ្គិសនី និងបុគ្គលិកធ្វើការនៅទីនោះ ដែលបានផ្តល់ជូននៅថ្ងៃទី៣០ខែកញ្ញា នឹងបន្តមានប្រសិទ្ធភាពរហូតដល់លិខិតអនុញ្ញាតថ្មីចេញតាមច្បាប់របស់រុស្ស៊ី។ អតីតប្រធានវិស្វកររោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ លោក Balakovo Oleg Romanenko នឹងដឹកនាំក្រុមហ៊ុនដំណើរការរោងចក្រអគ្គិសនី Zaporozhye។
តាមសារព័ត៌មាន RTបញ្ជាក់ថា ប្រធានាធិបតីពូទីនបានចុះហត្ថលេខាខាងលើ ក្រោយពេលរុស្ស៊ីបានដាក់បញ្ជូលខេត្តចំនួន៤ របស់អ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។ តំបន់ទាំង៤នោះបានបោះឆ្នោតគាំទ្រចូលជាមួយរុស្ស៊ី ប៉ុន្តែលោកខាងលិចបានច្រើនបានច្រានចោលលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថាជាសន្លឹកឆ្នោតក្លែងក្លាយ៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters )