កម្លាំងទាហានបម្រុងកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការហ្វឹកហាត់នៅ៨០តំបន់ផ្សេងគ្នា និងទីតាំងហ្វឹកហ្វឺនចំនួន៦នៅទូទាំងប្រទេសរុស្ស៊ី ក្នុងនោះមានទាំងតំបន់ Rostov ជាប់ព្រំដែនអ៊ុយក្រែននិងតំបន់គ្រីមៀរបស់រុស្ស៊ីផងដែរ។
សារព័ត៌មាន TASS បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu នៅថ្ងៃទី ៤ខែតុលា បានបញ្ជាក់ថា កម្លាំងទាហានបម្រុង២សែននាក់នឹងចូលរួមជាមួយកម្លាំងទាហានពេញសិទ្ធិតាមបទបញ្ជាជ្រើសរើសរបស់ប្រធានាធិបតីពូទីន។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កម្លាំងទាហានបម្រុង ត្រូវបានបំពាក់អាវុធនិងឯកសណ្ឋានចូលរួមហ្វឹកហាត់ ។ រដ្ឋមន្ត្រី Sergey Shoigu បានបញ្ជាក់ថា កម្លាំងទាហានថ្មីនឹងទទួលបានការបំពាក់សម្ភារចាំបាច់ដើម្បីចូលរួមបម្រើការនៅក្នុងកងពលនានា ។
មន្ត្រីរុស្ស៊ីក៏បានលើកឡើងថា អ្នកដែលកោះហៅឱ្យចូលបម្រើក្នុងជួរកងទ័ពវិញក្នុងរយៈពេល២សប្តាហ៍កន្លងមក នឹងត្រូវបានបញ្ជូនទៅចូលរួមការពារទឹកដីដែលរុស្ស៊ីទើបតែដាក់បញ្ជូល។ កម្លាំងទាហានថ្មីនឹងគ្រប់គ្រងខ្សែកាប្លិ៍ ប្រព័ន្ធទំនាក់ទំនងប្រវែង ១០០០ គីឡូម៉ែត្រនៅក្នុងតំបន់ដែលរុស្ស៊ីគ្រប់គ្រង។
កាលពីថ្ងៃទី២១ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានប្រកាសថា នឹងបញ្ជូនទាហានមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយសង្គ្រាមអូសបន្លាយឈានចូលខែទី៧ហើយនោះ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា នឹងជ្រើសរើសទាហានបន្ថែម៣សែននាក់ទៀត ៕ ដោយ៖ ធីរីណា
រូបថត ៖ baotintuc.vn