ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពរថយន្តផ្ទុកគ្រាប់រំសេវផ្ទុះនៅលើស្ពានតភ្ជាប់រុស្ស៊ីនិងតំបន់គ្រីមៀ

ចែករំលែក៖

បណ្តាញព័ត៌មានរុស្ស៊ី RT បានផ្សាយថា គណៈកម្មការប្រឆាំងភេរវកម្មជាតិរុស្ស៊ី នៅថ្ងៃទី ៨ខែតុលាបានប្រកាសថា ស្ពាន Kerch តភ្ជាប់ពីរុស្ស៊ីទៅកាន់តំបន់គ្រីមៀបានរងការខូចខាតមួយផ្នែកដោយសារតែការវាយប្រហារដោយរថយន្តដឹកទំនិញផ្ទុកគ្រាប់បែក ។
តាមសារព័ត៌មាន RT ដែលបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីរុស្ស៊ីបានឱ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅពេលព្រឹក បណ្តាលឱ្យកំណាត់ផ្លូវសម្រាប់រថយន្តបានបាក់ស្រុត ។ ការផ្ទុះនេះបង្កឱ្យមានភ្លើងឆេះយ៉ាងខ្លាំង។ ការផ្ទុះនេះចំពេលរថភ្លើងដឹកប្រេង ឆ្លងកាត់ដែលមានផ្លូវទន្តឺមនឹងផ្លូវរថយន្ត បណ្តាលឱ្យស៊ីទែនស្តុកប្រេងនៅលើរថភ្លើងចំនួន៧ស៊ីទែនឆាបឆេះ។
ស្ពានខាងលើដែលមានទាំងផ្លូវថ្នល់និងផ្លូវដែក ត្រូវបានសាងសង់ឡើងក្រោមការបញ្ជារបស់ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បន្ទាប់ពីរុស្ស៉ីបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ស្ពាននោះត្រូវបានសម្ពោធនៅឆ្នាំ២០១៨ និងដើរតួនាទីយ៉ាងសំខាន់ ជាមធ្យោបាយដឹកជញ្ជូនដើម្បីនាំបរិក្ខារយោធានិងសព្វាវុធទៅកាន់កងទ័ពរុស្ស៉ីដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង ក៏ជាការដឹកជញ្ជូនកងទ័ពពីរុស្ស៉ីទៅកាន់គ្រីមៀ។ ដោយលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រឃើជ (Kerch Strait) វាគឺជាស្ពានចម្លងតែមួយគត់រវាងតំបន់គ្រីមៀនឹងប្រទេសរុស្ស៉ី។
ប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៉ី ដោយផ្អែកលើប្រភពពីគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរុស្ស៉ី បានរាយការណ៍ថា «កាលពីវេលាម៉ោង ៦ៈ០៧នាទីព្រឹកថ្ងៃសៅរ៍នេះ នៅផ្នែកខាងផ្លូវនៃស្ពានគ្រីមៀ រថយន្តមួយត្រូវបានបំផ្ទុះឡើង ហើយក៏បង្កឱ្យស៉ីទែនស្តុកប្រេងសាំងចំនួន៧ ដែលកំពុងដឹកតាមផ្នែកផ្លូវដែកនៃស្ពាននោះឆាបឆេះយ៉ាងសន្ធោសន្ធៅ»។ អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រកាសថា លោក ពូទីន បានចេញបញ្ជាឱ្យមានការបង្កើតគណៈកម្មការពិសេសដើម្បីបើកការស៉ើបអង្កេតលើករណីនេះ ប៉ុន្តែមិនបានទម្លាក់កំហុសទៅលើ អ៊ុយក្រែនភ្លាមៗឡើយ។ កន្លងមក
រុស្ស៉ីធ្លាប់បានអះអាងថា ស្ពានខាងលើគឺមានសុវត្ថិភាព បើទោះបីជាសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែបានព្រមានចាត់វិធានការសងសឹក ប្រសិនបើវារងការវាយប្រហារ។ ប្រសិនបើទីក្រុងកៀវពិតជានៅពីក្រោយករណីអគ្គិភ័យលើស្ពានគ្រីមៀមែននោះ វានឹងជាក្តីបារម្ភធ្ងន់ធ្ងរមួយសម្រាប់ទីក្រុងមូស្គូ ដ្បិតស្ពាននោះស្ថិតនៅឆ្ងាយពីសមរភូមិជួរមុខ៕ ដោយ៖ ធីរីណា

រូប​ថត​៖ VOV.VN


ចែករំលែក៖