ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីស LX570បុកជាមួយរថយន្តFordខ្ទាតទៅ ប៉ះម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក Ford បេីកឆ្លងផ្លូវត្រូវរថយន្តឡិចស៊ីស LX570​ បេីកបុកខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។ 

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចមុខវត្តព្រែកស្ពឺ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ​ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ-0208ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែជ្រុលទៅបុករថយន្តម៉ាកFord​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BM-2523 ដែលធ្វេីដំណេីរក្នុងទិសដៅពីជើងត្បូងរួចបត់ឆ្វេងឆ្លងផ្លូវបណ្តាលឱ្យរងកាតខូចខាត ហេីយរថយន្តFord ក៏បានជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IE-7525 បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។ 

     ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីបន្តនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖