ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំបុកគូទរថយន្តសណ្ដោងដឹករថយន្ត Ford Ranger ជាច្រើនគ្រឿងបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្ដោងដឹករថយន្តម៉ាកFord Rangerចំនួន៥គ្រឿងត្រូវរថយន្តដឹកទំនិញធុនធំបើកបុកពីក្រោយបណ្ដាលឱ្យរងការខូចខាត។ 

     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលាឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុប 24 ម៉ោង តាមបណ្តោយផ្លូវហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  មុនកើតហេតុគេឃើញរថយន្តសណ្តោងម៉ាកFUSOមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-9442បានដឹករថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៣ចំនួន៥គ្រឿង បើកបរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តក៏បានបើកទៅអែបខាងស្ដាំដៃឈប់នៅចិញ្ចើមផ្លូវ ខណៈនោះក៏មានរថយន្តដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3D- 8189 ធ្វើដំណើរមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តសណ្ដោងដឹករថយន្តពីក្រោយបណ្ដាលឱ្យរថយន្ត Ford Ranger មួយគ្រឿងដែលដឹកនៅលើរថយន្តក្រពឹតផ្នែកខាងក្រោយយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីដឹករថយន្តបានទំនាក់ទំនងទៅខាងក្រុមហ៊ុនចុះមកពិនិត្យនិងវាយតម្លៃនៃការខូចខាត ងាយស្រួលភាគីបង្កចេញសំណងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖