ខេត្តព្រះសីហនុ៖ តាមរបាយការណ៍ពីមន្ទីរព័ត៌មានខេត្តព្រះសីហនុបានឱ្យដឹងថា កំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុនាចុងសប្តាហ៍ ថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២២នេះ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ ការកត់សម្គាល់នេះបន្ទាប់ពីរយៈ ពេល១០ថ្ងៃនៃការបើកឱ្យដំណើរការផ្លូវល្បឿនលឿន។
កំណើនភ្ញៀវទេសចរនេះគឺក្រោយផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុ បានបើកឱ្យដំណើរការសាកល្បង រយៈពេល១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ នាំឱ្យភ្ញៀវទេសចរមកលេងក្នុងខេត្តព្រះសីហនុក្នុងថ្ងៃចុងសប្តាហ៍កាន់តែច្រើន។ ប្រជាពលរដ្ឋបានសាកល្បងផ្លូវល្បឿនលឿននៅក្នុងរយៈពេលនៃការឈប់សម្រាកចុងសប្តាហ៍។
ភ្ញៀវទេសចរដែលអញ្ជើញមកពីតាមបណ្តារាជធានី -ខេត្តនានា ដើម្បីមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុបានលើកឡើងថា ក្រោយពីរាជរដ្ឋាភិបាល បានបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺមានភាពងាយស្រួលហើយប្រើរយៈពេលខ្លី។ ក្រៅពីចង់សាកផ្លូវល្បឿនលឿនប្រជាពលរដ្ឋក៏ចង់ឃើញពីការរីកចម្រើននៅខេត្តព្រះសីហនុក្នុងរយៈពេលចុងក្រោយនេះផងដែរ។
ដូច្នេះភ្ញៀវទេសចរមានការកើនហើយបានកោតសរសើរចំពោះនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដែលដឹកនាំដោយលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តដែលបានយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អ ប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ ៕
ដោយ៖ សូរិយា