ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ! គយ​ ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ យោង​តាម​របាយការណ៍ចំណូលពន្ធ​ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​ ត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និង​រដ្ឋាករ​រយៈពេល ៩ខែឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់​លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី ​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ​​ បានបញ្ជាក់ថា​ ការប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់​ដោយច្បាប់​ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

ក្នុង​កិច្ចប្រជុំនេះដែរ​ មានការចូលរួមរបស់លោក-លោកស្រីអគ្គនាយករង​ លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ និង​មន្ត្រី​ជំនាញ​មួយចំនួន។

របាយការណ៍​ដដែល​បន្តថា​ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះគយនិងរដ្ឋាករប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការ​កំណត់​​ដោយ​ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ​លទ្ធផលចំណូលនេះកើនឡើង ​១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%។ ផ្អែកតាម​ចំណូលតាម​ប្រភេទ​ពន្ធនិង​អាករ ចំណូល​អាករពិសេស រួមចំណែក ៣៨,១% នៃចំណូលសរុប) ​ចំណូលអាករលើ​តម្លៃ​បន្ថែម ​ ៣៧,៦% នៃចំណូលសរុប) ​និងចំណូលពន្ធគយ១៨,៩% នៃចំណូលសរុប)។

ដោយឡែក​ចំពោះចំណូល​តាមក្រុមទំនិញ ឃើញថា ​យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩,៦ ប៊ីលានរៀល (ត្រូវជា ៤៧,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦,៩ ប៊ីលានរៀល (ត្រូវជា ២៦,៧% នៃចំណូល​សរុប), ​ផលិតផលតេលសិលាមានចំនួន ​១ ៦៨៣,៦ ប៊ីលានរៀល (ត្រូវជា ២០,៤% នៃចំណូលសរុប), ​និងសម្ភារ​សំណង់​និងកម្រៃផ្សេងៗ​មានចំនួន ​៤៧៨,៥ ប៊ីលានរៀល (ត្រូវជា ៥,៨% នៃចំណូលសរុប)៕

ដោយ​៖សហការី​


ចែករំលែក៖