ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ១៥០គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកស្ទឹងព្រែកត្នោត រស់នៅសង្កាត់ចំនួន៦ លេី១២សង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ហេីយដែលពិធីនេះរៀបចំឡើងនៅទីទួលសុវត្ថិភាព ក្នុងបរិវេណវត្តរតនៈតេជៈកំពង់ក្តុល។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រីអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានមកដល់ទីនេះជាថ្មីម្តងទៀត បន្ទាប់ពីប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោតធ្លាប់បានទទួលរងគ្រោះដោយទឹកជំនន់រហ័សកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ហើយដែលកាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់។ លោកស្រី អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា «ទោះបីជាថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញដោយផ្ទាល់ក៏ដោយ ក៏សម្តេច តែងតែមានក្តីនឹករលឹកចំពោះបងប្អូនទាំងអស់នៅគ្រប់ទីកន្លែង ជាពិសេសនៅពេលដែលមានគ្រោះទឹកជំនន់កើតឡើងក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះបំពេញភារកិច្ចភ្លាមៗ ហើយនាំយកអំណោយជួយសម្រាលការលំបាកខាងផ្នែកជីវភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។»
ជាមួយគ្នានេះ លោកស្រី ក៏បានលើកឡើងថា ក្នុងស្ថានភាពទឹកជំនន់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធាន តែងតែចុះពិនិត្យតាមដានពីស្ថានភាពទឹកនៅតាមតំបន់ដែលប្រឈមខ្ពស់ ដើម្បីត្រៀមលក្ខណៈធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលារួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។
នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋយ៉ាងដូច្នេះថា ៖
១. សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះការលង់ទឹកជាយថាហេតុ ជាពិសេសចំពោះក្មេងតូចៗ និងមនុស្សចាស់ ហើយត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់យើងបាន។
២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ទឹកស្អាត មានអនាម័យគ្រប់គ្រាន់ ដើម្បីការពារកុំឱ្យកើតមានជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
៣. នៅពេលទឹកស្រក ហើយត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តប្រកបមុខរបរដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
៤. សូមប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា សម្រាប់ចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (សារុង មុង ភួយ ក្រមា និងអាវយឺត) ១កញ្ចប់, សាប៊ូ ១ដប, ជែលលាងដៃចំនួប ១ដប និងថវិកា ២ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការរងទី១ និងក្រុមការងារក៏បានអញ្ជើញនាំយកទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនដល់វត្តរតនៈតេជៈកំពង់ក្តុល ផងដែរ៕
ដោយ ៖ សហការី