មន្ត្រីជាន់ខ្ពស់របស់អង្គការណាតូ នៅថ្ងៃទី១២ខែតុលាបានប្រកាសថា ប្រសិនបើរុស្ស៊ីវាយប្រហារដោយអាវុធបរមាណូនោះ នឹងទទួលរងការវាយបកវិញដោយប្រទេសសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដែលក្នុងចំណោមប្រទេសនោះមានសមាជិកណាតូ ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា មន្ត្រីជាន់ខ្ពស់ណាតូដែលមិនបញ្ចេញឈ្មោះមួយ នៅក្នុងកិច្ចប្រជុំបិទទ្វារនៃក្រុមមន្ត្រីផែនការនុយក្លេអ៊ែររបស់អង្គការណាតូ ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានគូសបញ្ជាក់បន្ថែមថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងនាំមកនូវ «ផលវិបាកដែលមិនធ្លាប់មានពីមុនមក» សម្រាប់ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ការវាយប្រហារនុយក្លេអ៊ែរដោយទីក្រុងមូស្គូ «ពិតជាអាចនឹងជំរុញឱ្យមានការ ចាត់វិធានការជាក់ស្ដែងពីសម្ព័ន្ធមិត្តជាច្រើន ហើយនឹងពីណាតូខ្លួនឯងផងដែរ»។
ទីក្រុងមូស្គូបាននិងកំពុងប្រើប្រាស់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួនដើម្បីរារាំងអង្គការណាតូនិងប្រទេសផ្សេងទៀត កុំឱ្យលូកដៃ ឬបន្តផ្ដល់ការគាំទ្រ ដល់អ៊ុយក្រែនដែលកំពុងបន្តភាពរីកចម្រើននៅសមរភូមិភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។
អង្គការណាតូបានប្រកាសថា ខ្លួននឹងបន្តធ្វើសមយុទ្ធត្រៀមនុយក្លេអ៊ែរប្រចាំឆ្នាំ ដែលមានឈ្មោះថា Stadfast Noon នៅសប្តាហ៍ក្រោយ ដែលក្នុងនោះកងទ័ពអាកាសរបស់ណាតូនឹងអនុវត្តពីរបៀបប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅអឺរ៉ុបជាមួយការបណ្ដុះបណ្ដាលការហោះហើរ ដោយមិនមានការបាញ់គ្រាប់ពិតទេ៕ ដោយ៖ ធីរីណា
រូបថត ៖ Tass