ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី សូមអបអរសាទរ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃមហាសន្និបាត លើកទី ២៧ របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, សូមអបអរសាទរ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃមហាសន្និបាត លើកទី ២៧ របស់ខ្លួន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ និងអបអរសាទរ លោក លី ច័ន្ទតុលា ចំពោះការជាប់ឆ្នោតបន្តជាប្រធានគណៈមេធាវីសម្រាប់អាណត្តិបន្ទាប់នេះ។

លោកក៏បានអញ្ជើញចូលរួម ក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, លោក លី ចន្ទ័តុលា នៅតែទទួលបានការគាំទ្រច្រើនលើសលុបរហូតដល់ ៩៨,៥៨% នៃចំនួនអ្នកមកបោះឆ្នោតសរុប ២០៤៥។ ឆ្លងកាត់ការបោះឆ្នោតស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នេះ លោក លី ចន្ទ័តុលា នៅតែទទួលបានការគាំទ្រច្រើនលើសលុបរហូតដល់ ៩៨,៥៨% នៃចំនួនអ្នកមកបោះឆ្នោតសរុប ២០៤៥ មានន័យថា អ្នកគាំទ្រចំនួន ២០១៦នាក់ និង សន្លឹកឆ្នោតមិនបានការចំនួន ២៩សន្លឹក បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០២២ អាណត្តិទី១៣ គឺមានចំនួនអ្នកគាំទ្រចំនួន ១៤៤៤សំឡេងស្មើនឹង៨៥%។ ទោះបីជាមិនមានបេក្ខភាពផ្សេងទៀតចូលរួមប្រកួតប្រជែង ប៉ុន្តែការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ នៅតែប្រព្រឹត្តិទៅតាមនីតិវិធីធម្មតា។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងតម្លៃនៃវិជ្ជាជីវៈមេធាវីក្នុងសង្គមកម្ពុជា លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ កើត រិទ្ធ ដែលបានអញ្ជើញក្នុងពិធីបិទសន្និបាត ក៏បានផ្តាំផ្ញើទៅដល់ លោកប្រធានគណៈមេធាវី,  លោក លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីទាំងអស់ រួមមានជាអាទិ៍៖ 

 ទី១-ក្នុងពេលប្រកបវិជ្ជាជីវៈ, មេធាវីគ្រប់រូបសូមគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិតិ្តយស សេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។ 

 ទី២-គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមបន្តយកចិត្តទុកដាក់លើការពង្រឹង និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់មេធាវី តាមរយៈការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សារបស់សិស្សមេធាវី ក៏ដូចជាការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ សំដៅធ្វើឱ្យមេធាវីមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ និងរឹងមាំ ទាំងលើច្បាប់ជាតិ ទាំងលើច្បាប់អន្តរជាតិ ហើយសូមមេធាវីទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹង និងបង្កើនសមត្ថភាពផ្ទាល់ខ្លួនទាំងលើសមត្ថភាពបច្ចេកទេស ភាសា និងបច្ចេកវិទ្យា តាមរយៈការចូលរួមឱ្យបានផុលផុសក្នុងកម្មវិធីបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយគណៈមេធាវី។ 

 ទី៣-មេធាវីគ្រប់រូបសូមបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះក៏នឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ 

 ទី៤-មេធាវីគ្រប់រូបសូមប្រកាន់យកនូវស្មារតីសន្តិភាពនិយម តាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សា ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារ វិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយក្នុងការងារកែទម្រង់វិស័យយុត្តិធម៌ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់វិវាទដែលអាចសម្រុះសម្រួលគ្នាបាន ដើម្បីធានានូវស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា ដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស ៕

ដោយ : សិលា


ចែករំលែក៖