ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ប្រកាសពីការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ គ.ជ.ប  ប្រកាសពីការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ 

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ បានចាប់ផ្តើមហើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ៣ ថ្ងៃ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបើកកិច្ចប្រជុំ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត។

តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះ បោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ និងបានប្រព្រឹត្តទៅល្អពុំមានបញ្ហាប្រឈម ណាមួយធ្វើឱ្យរាំងស្ទះឡើយ។ ផ្អែកតាមប្រតិទិនការងារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ ត្រូវចែកចេញជា ៣ ដំណាក់កាលដូចខាងក្រោម៖

សម្រាប់រយៈពេល ១៥ថ្ងៃដំបូង គឺចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យ ចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់

– រយៈពេល ២៥ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ និមួយៗ។ 

 – រយៈពេល ១០ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ។ រយៈពេលនៃការចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅតាមភូមិក្នុងឃុំ សង្កាត់ ក្រុមប្រឹក្សា ឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត អាចកែសម្រួលទៅតាមស្ថានភាពភូមិសាស្ត្រ និងសភាព ការណ៍ជាក់ស្ដែង ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ទាំងអស់ មានលទ្ធភាពបានមកចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នាប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ជូនថា មានតែប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ប៉ុណ្ណោះ ទើបមានសិទ្ធិបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះឆ្នោត ឱ្យបានគ្រប់ៗគ្នា៕

ដោយ : សិលា


ចែករំលែក៖