ព័ត៌មានទាន់ហេតុការណ៍៖

ញត្តិថ្កោលទោស របស់ក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យើងខ្ញុំទាំងអស់គ្នាជាយុវជនគណបក្សខេត្តស្វាយរៀង សូមប្រកាសថ្កោលទោសយ៉ាង ដាច់អហង្ការ និងប្រឆំាងដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍របស់ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ តាមរយៈវីដេអូឃ្លីប នាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកងកម្លំាង ប្រដាប់អាវុធធ្វើការបះបោរ បំបែកបំបាក់ផ្ទៃក្នុងរបស់ប្រទេសប្រឆំាងនឹងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានប្រមាថដោយអសីលធម៌ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

យើងខ្ញុំសូមប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទំាងឡាយណា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយការចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ២០២៣ បានស្តែងឱ្យឃើញនូវចេតនាបំផុសបំផុល ចង់ធ្វើបដិវត្តន៍ពណ៌បង្កចលាចលក្នុងសង្គម ដើម្បីបំពេញមហិច្ឆិតាបំផ្លាញសន្តិភាព ដែលរកបានដោយ លំបាក ព្រមទំាង នាំប្រទេស កម្ពុជាឆ្ពោះទៅរកសង្រ្គាមសារជាថ្មី។

ទន្ទឹមនឹងនេះ យើងខ្ញុំសូម អំពាវនាវនិងគាំទ្រទំាង ស្រុងនូវរាល់ចំណាត់ការរបស់កងកម្លំាង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក នៅគ្រប់ពេលវេលា ដែលក្រុមនេះមានវត្តមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅតុលាការវិនិច្ឆ័យទោស តាមច្បាប់ជាធរមាន។

យើងខ្ញុំទាំងអស់គ្នាជាយុវជនគណបក្សខេត្តស្វាយរៀង សូមប្តេជ្ញា ការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតការពារសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ពិសេស ការពារ ឱ្យបាននូវសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ព្រមទំាងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត៕

ដោយ : សិលា


ចែករំលែក៖