ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពីការធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងគោលបំណងបង្ក្រាបនូវរាល់សកម្មភាពនិងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងដើម្បីលើក កម្ពស់វិស័យល្បែងពាណិជ្ជកម្មស្របច្បាប់ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារបង្ក្រាបការលេង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្ដីសម្រេចលេខ ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានសមាសភាពចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះក៏មានសមាសភាពពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ។ នៅក្នុងប្រតិបត្តិការ នេះ អាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងបង្ក្រាប នូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទីតាំងលេងល្បែងស៊ីសងខុសច្បាប់នានា ជាបន្ត បន្ទាប់។

ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងដើម្បីការពារ នូវសិទ្ធិស្របច្បាប់របស់ប្រតិបត្តិករល្បែងផ្សងសំណាង អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមបញ្ជាក់ជូន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាប្រតិបត្តិករល្បែងផ្សងសំណាងទាំងអស់ ឱ្យបានជ្រាបថា ប្រតិបត្តិករ ល្បែងផ្សងសំណាងដែលទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាពពី គ.ល.ក. អាច ធ្វើប្រតិបត្តិការអាជីវកម្មដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖

១. ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណ អាជ្ញាបណ្ណសាខា ល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក.។

២. ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវា ពី គ.ល.ក. ប្រសិនបើមានបំណងធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងផ្សេងទៀត ក្រៅពីទីតាំង ដែលបានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាព។

៣. ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាង អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក. ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើម នៅទីតាំង ធ្វើអាជីវកម្មរបស់ខ្លួន។

៤. ត្រូវដំណើរការតែប្រភេទល្បែង វិធានល្បែង ឧបករណ៍និង/ឬកម្មវិធីល្បែងដែលមានការអនុញ្ញាត ពី គ.ល.ក. តែប៉ុណ្ណោះ។

៥. ត្រូវបំពេញចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាងប្រចាំខែ និងត្រូវបង់មូលនិធិសង្គមរបស់ គ.ល.ក. ឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជា ធរមាន។

៦. ហាមឃាត់ដាច់ខាតនូវរាល់សកម្មភាពលួចលាក់បង្កប់កត់កន្ទុយលេខខុសច្បាប់។

ក្នុងករណីប្រតិបត្តិករល្បែងផ្សងសំណាង មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថាបាន ប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថាប្រតិបត្តិករល្បែងផ្សងសំណាងទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួល ខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖