មុនពេលជំងឺកូវីដ-១៩ កើនឡើងខ្ពស់ ជំងឺរបេងគឺជា «ឃាតក»យ៉ាងសាហាវបំផុតបណ្តាលឱ្យមានអ្នកស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយនៅក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ដោយជំងឺនេះដល់ទៅ១,៥លាននាក់។
សារព័ត៌មាន AFP បានផ្សាយថា ក្រុមអ្នកឯកទេសសុខាភិបាលលំដាប់ពិភពលោកបានព្រមានថា ជំងឺរបេងបានវិលត្រឡប់មកវិញហើយ ក្លាយជាជំងឺឆ្លងដ៏គ្រោះថ្នាក់ សម្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោក ក្រោយពេលពិភពលោកខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងមក ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Mel Spigelman ប្រធានអង្គការ TB Alliance ដែលមានឯកទេសផលិតថ្នាំព្យាបាលជំងឺរបេងបានឱ្យដឹងថា ប្រសិនបើពិភពលោកមិនប្រញាប់នោះទេ ជំងឺរបេងនឹងសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ។
តាមការប្រកាសរបស់ TB Alliance បានបញ្ជាក់ថា នៅលើពិភពលោកជារៀងរាល់ថ្ងៃមានអ្នកស្លាប់ជាមធ្យម ៤១០៩នាក់ ដោយជំងឺរបេង ភាគច្រើនស្ថិតនៅក្នុងប្រទេសក្រីក្រ។ ចំណែករបាយការណ៍របស់អង្គការ Johns Hopkins ចំនួនអ្នកស្លាប់នៅលើពិភពលោកគិតជាមធ្យមដោយសារជំងឺកូវីដ-១៩មានតែ ១៤៤៩នាក់ប៉ុណ្ណោះ ។
ទាំងនោះបង្ហាញឱ្យឃើញថា ជំងឺរបេងសម្លាប់មនុស្សច្រើនជាងកូវីដ-១៩ ដល់ទៅជាង ៣ដង៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnam+
រូបថត ៖ TTXVN