ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញអមដំណើរសម្តេចតេជោ ចូលរួមក្នុងពិធីផ្តល់ស្រូវពូជជាង៥០០តោន ជូនប្រជាកសិករជាង ៥០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីផ្តល់ស្រូវពូជជាង៥០០តោន ជូនប្រជាកសិករជាង ៥០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុងស្រុកចំនួន៨ នៃខេត្តបន្ទាយមានជ័យ រួមមាន ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបានបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ប៉ះពាល់ស្រូវ ៣៦០៥៩ហិកតា, ដំឡូងមី ២៨៩៩ហិកតា, ដំណាំរួមផ្សំ ១២៨ហិកតា, សត្វពាហនៈ ២៨៦៧ក្បាល, សាលារៀន៧៥, វត្ត៣៨, មណ្ឌលសុខភាព ៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦ ២៩៥ ម៉ែត្រ។ 

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋទាំអស់នាពេលនេះ ដែលព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ 

សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំជួយប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។ 

សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា សម្តេចបានទុកអង្ករចំនួន ១០០តោន និងថវិកា ១០ម៉ឺនដុល្លារ សម្រាប់ឱ្យអាជ្ញាធរខេត្តទុកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៕

ដោយ : សិលា


ចែករំលែក៖