ព័ត៌មានទាន់ហេតុការណ៍៖

លោក ងិន ឆាយ ចុះជួបប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីថ្លៃដើមនៃការផលិត និងផ្ដល់អនុសាសន៍ដើម្បីកាត់បន្ថយការចំណាយ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ចន្ទ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីរសៀលថ្ងៃអាទិត្យទី២៣ ខែតុលាម្សិលមិញនេះ​ បានចុះជួបប្រជាពលរដ្ឋ​ នៅភូមិគ្រួស ឃុំអន្លុងរុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីស្វែងយល់និងវាយតម្លៃពីផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅតំបន់នេះ។

ក្រសួង​កសិកម្ម​ បានឱ្យដឹងទៀតថា​ នៅក្នុងដំណើរចុះជួបសំណេះសំណាលរបស់ប្រជាកសិករនៅឃុំអន្លង់រុន លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានសាកសួរប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីថ្លៃដើមនៃការផលិតដំណាំស្រូវរបស់ពួកគាត់ ដោយបានជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីប្រជាពលរដ្ឋរងផលប៉ះពាល់ សមាគមទទួលបន្ទុកផ្គត់ផ្គង់ទឹកដល់ដំណើរការកសិកម្ម ព្រមទាំងឈ្មួញអ្នកបញ្ជាទីញស្រូវពីប្រជាកសិករផងដែរ។

ស្ថានភាពជាក់ស្ដែងនៅក្នុងភូមិសាស្ត្រនៃស្រុកមង្គលបុរី ដែលក្រៅតែពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងហើយ ក៏មានផងដែរ បញ្ហាខ្យងក្រហមបំផ្លាញស្រូវ។ បើតាមការពន្យល់របស់ប្រជាកសិករ គឺដោយសារតែបញ្ហាខ្យងក្រហមនេះ ពួកគាត់ត្រូវបង្ខំចិត្តប្រើពូជស្រូវច្រើន ដើម្បីកាត់កងជាមួយការបំផ្លាញរបស់សត្វខ្យងចង្រៃនេះ ជាហេតុធ្វើឱ្យពួកគាត់ត្រូវចំណាយកាន់តែច្រើនបន្ថែមទៀត នៅក្នុងដំណាក់កាលដាក់ជី។

តាមរយៈការស្ដាប់យ៉ាងយកចិត្តទុកដាក់ លោក ងិន ឆាយ បានផ្ដល់អនុសាសន៍ពន្យល់ប្រជាកសិករអំពីបច្ចេកទេសនៃការដាំដុះដំណាំស្រូវប្រកបដោយប្រសិទ្ធភាព ដើម្បីប្រសិទ្ធផលខ្ពស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយជាអតិបរមា និងទទួលបានមកវិញនូវផលចំណេញច្រើនជាងមុន។ អនុសាស្ត្ររបស់លោក ងិន ឆាយ គ្របដណ្ដប់តាំងពីការរើសពូជស្រូវ ការប្រើប្រាស់ជី ព្រមទាំងវិធីសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយប្រជាសាស្ត្រខ្យងក្រហម ដោយពុំចាំបាច់ប្រើប្រាស់ថ្នាំសម្លាប់សត្វចង្រៃ ដែលប្រសិនបើធ្វើបាន វានឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិកររបស់យើងបានមួយកម្រិតដែរ៕

ដោយ​៖សហការី​


ចែករំលែក៖