ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៤ ខែតុលា ឆ្នាំ២០២២នេះថា៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីរសៀលថ្ងៃអាទិត្យទី២៣ ខែតុលាម្សិលមិញនេះ បានចុះជួបប្រជាពលរដ្ឋ នៅភូមិគ្រួស ឃុំអន្លុងរុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីស្វែងយល់និងវាយតម្លៃពីផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅតំបន់នេះ។
ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា នៅក្នុងដំណើរចុះជួបសំណេះសំណាលរបស់ប្រជាកសិករនៅឃុំអន្លង់រុន លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានសាកសួរប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីថ្លៃដើមនៃការផលិតដំណាំស្រូវរបស់ពួកគាត់ ដោយបានជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីប្រជាពលរដ្ឋរងផលប៉ះពាល់ សមាគមទទួលបន្ទុកផ្គត់ផ្គង់ទឹកដល់ដំណើរការកសិកម្ម ព្រមទាំងឈ្មួញអ្នកបញ្ជាទីញស្រូវពីប្រជាកសិករផងដែរ។
ស្ថានភាពជាក់ស្ដែងនៅក្នុងភូមិសាស្ត្រនៃស្រុកមង្គលបុរី ដែលក្រៅតែពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងហើយ ក៏មានផងដែរ បញ្ហាខ្យងក្រហមបំផ្លាញស្រូវ។ បើតាមការពន្យល់របស់ប្រជាកសិករ គឺដោយសារតែបញ្ហាខ្យងក្រហមនេះ ពួកគាត់ត្រូវបង្ខំចិត្តប្រើពូជស្រូវច្រើន ដើម្បីកាត់កងជាមួយការបំផ្លាញរបស់សត្វខ្យងចង្រៃនេះ ជាហេតុធ្វើឱ្យពួកគាត់ត្រូវចំណាយកាន់តែច្រើនបន្ថែមទៀត នៅក្នុងដំណាក់កាលដាក់ជី។
តាមរយៈការស្ដាប់យ៉ាងយកចិត្តទុកដាក់ លោក ងិន ឆាយ បានផ្ដល់អនុសាសន៍ពន្យល់ប្រជាកសិករអំពីបច្ចេកទេសនៃការដាំដុះដំណាំស្រូវប្រកបដោយប្រសិទ្ធភាព ដើម្បីប្រសិទ្ធផលខ្ពស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយជាអតិបរមា និងទទួលបានមកវិញនូវផលចំណេញច្រើនជាងមុន។ អនុសាស្ត្ររបស់លោក ងិន ឆាយ គ្របដណ្ដប់តាំងពីការរើសពូជស្រូវ ការប្រើប្រាស់ជី ព្រមទាំងវិធីសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយប្រជាសាស្ត្រខ្យងក្រហម ដោយពុំចាំបាច់ប្រើប្រាស់ថ្នាំសម្លាប់សត្វចង្រៃ ដែលប្រសិនបើធ្វើបាន វានឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិកររបស់យើងបានមួយកម្រិតដែរ៕
ដោយ៖សហការី