ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូបណ្តាលឱ្យបុរស២នាក់រងរបួស រួចហើយព្យាយាមបើករថយន្តរត់ទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល ហើយអ្នកបើករថយន្តនោះមិនព្រមឈប់ដោះស្រាយទេគឺបានបន្តបើករត់ទៅបុកខឿននៅភ្លើងស្តុបឫស្សីផ្អែមក្នុងខណ្ឌដង្កោបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ។

     ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបឬស្សីផ្អែម ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី ស្ទេប ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-1880 ជិះឌុបគ្នា២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងមុខធនាគារវឌ្ឍនៈ ស្រាប់តែមានរថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8957 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិចយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យបុរស២នាក់អ្នកបើកម៉ូតូនឹងអ្នករួមដំណើររងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកឯអ្នកបើករថយន្តបង្កវិញមិនឈប់ដោះស្រាយនោះទេ គឺបានបន្តល្បឿនបើករត់រហូតទៅដល់ផ្លូវ៥០ម៉ែត្រចំណុចភ្លើងស្តុបឫស្សីផ្អែមក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ជ្រុលចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ហើយភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានចុះមកឃាត់ម្ចាស់រថយន្តយកទៅសួរនាំផងដែរ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖