ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងខ្ទេចទាំងស្រុងពេលចត​ទុក​នៅក្នុង​ផ្ទះ​

ចែករំលែក៖

      ភ្នំពេញ ៖ រថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះបង្កជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ហុយ​ផ្សែង​ខ្មួលខ្មៅ​ពេញ​ក្នុង​ផ្ទះ​ បង្កកា​រភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទប់​ស្កាត់​ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ធ្វើអន្តរាគមន៍​ភ្លាមៗ​ផងដែរ​ ។ 

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃ​ទី​២៥​ ខែតុលា ឆ្នាំ២០២២ នៅ​ចំណុច​ផ្ទះ​លេខ​287A  ផ្លូវ​លំ​ ភូមិ​ចុងថ្នល់​ខាង​លិច​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។ 

   រថយន្ត​ដែរ​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​ នោះម៉ាក​ សាំ​យ៉ុង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-2834  ជារថយន្តរបស់​ក្រុមហ៊ុន​ ណេត​ឈ័​រ ហ្វាម៉ា​ រង​ការ​ខូចខាត​ទាំង​ស្រុង​ ។ 

     តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា រថយន្ត​ដែលឆាបឆេះ​នោះ​គឺ​ម្ចាស់​រថយន្ត​បាន​ចត​ទុក​ចោល​ជាច្រើន​ថ្ងៃ​ហើយ​ នៅ​ជាប់​បន្ទប់​ដាក់​រថយន្ត​ជាប់​គ្នា​ និង​បន្ទប់​ស្នាក់​នៅ​  ដោយ​ម្ចាស់​ជាប់​រវល់​ជូន​ប្រពន្ធ​ទៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ ។ មុន​កេីត​ហេតុ​គេ​ឃេីញ​ផ្សែង​ហុយ​ចេញ​ពី​ក្នុង​រថយន្ត​ចំណុច​​ផ្នែក​ម៉ាស៊ីន​ បង្កជា​អណ្ដាត​ភ្លើង​ឆេះ​រាលដាល​ពេញ​ក្នុង​រថយន្ត​ ហុយ​ផ្សែង​ខ្មៅ​ខ្មួលពេញ​ក្នុង​បន្ទប់​ដាក់​រថយន្ត​ ទេីប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​តូចៗ​ បាញ់​ទប់​ស្កាត់​ និង​ដងទឹក​ជះ​ពន្លត់​ ហើយបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ធ្វើអន្តរាគមន៍​ភ្លាមៗ​ផងដែរ​។ 

     បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះភ្លាម កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ ចេញ​រថយន្ត​ជួយ​សង្រ្គោះ​ជាច្រើន​គ្រឿង​ផងដែរ​ ។ ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នោះ​ សមត្ថកិច្ច​ប្រេី​ប្រាស់​រថយន្ត​ទឹក​មួយ​គ្រឿង​  និង​ប្រើ​រយៈ​ពេល​ពន្លត់​ប្រមាណ​២០នាទី​  ។ 

     ក្នុង​ហេតុការណ៍​អគ្គិភ័យ​នោះ​មិន​បណ្ដាល​ឱ៎្យមាន​ការ​ឆ្លង​រាលដាល​  និង​ បង្ក​គ្រោះថ្នាក់​របួស​ដល់​មនុស្ស​ឡេីយ​ ។  ចំពោះ​សម្ភារៈ​ខូចខាត​ មានរថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុង​ ខូចខាត​ទាំង​ស្រុង​ ចំណែក​បន្ទប់​ដាក់​រថយន្ត​ ខូចខាត​តិចតួច​ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖