ភ្នំពេញ ៖ រថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅហុយផ្សែងខ្មួលខ្មៅពេញក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យចេញធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ287A ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តដែរអគ្គិភ័យឆាបឆេះខូចខាត នោះម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2I-2834 ជារថយន្តរបស់ក្រុមហ៊ុន ណេតឈ័រ ហ្វាម៉ា រងការខូចខាតទាំងស្រុង ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា រថយន្តដែលឆាបឆេះនោះគឺម្ចាស់រថយន្តបានចតទុកចោលជាច្រើនថ្ងៃហើយ នៅជាប់បន្ទប់ដាក់រថយន្តជាប់គ្នា និងបន្ទប់ស្នាក់នៅ ដោយម្ចាស់ជាប់រវល់ជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ ។ មុនកេីតហេតុគេឃេីញផ្សែងហុយចេញពីក្នុងរថយន្តចំណុចផ្នែកម៉ាស៊ីន បង្កជាអណ្ដាតភ្លើងឆេះរាលដាលពេញក្នុងរថយន្ត ហុយផ្សែងខ្មៅខ្មួលពេញក្នុងបន្ទប់ដាក់រថយន្ត ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យតូចៗ បាញ់ទប់ស្កាត់ និងដងទឹកជះពន្លត់ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យចេញធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ចេញរថយន្តជួយសង្រ្គោះជាច្រើនគ្រឿងផងដែរ ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចប្រេីប្រាស់រថយន្តទឹកមួយគ្រឿង និងប្រើរយៈពេលពន្លត់ប្រមាណ២០នាទី ។
ក្នុងហេតុការណ៍អគ្គិភ័យនោះមិនបណ្ដាលឱ៎្យមានការឆ្លងរាលដាល និង បង្កគ្រោះថ្នាក់របួសដល់មនុស្សឡេីយ ។ ចំពោះសម្ភារៈខូចខាត មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ខូចខាតទាំងស្រុង ចំណែកបន្ទប់ដាក់រថយន្ត ខូចខាតតិចតួច ៕
ដោយ ៖ រ៉ារ៉ា