ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ឱ្យភ្នាក់ងារសន្ដិសុខឯកជន ធ្វើជាផ្នែកមួយក្នុងការរួមចំណែកការពារការប្រកួតកីឡាជាតិ និងប្រកួតកីឡា Sea Game ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖  បើយោងតាមប្រភពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់អោយដឹងថា,  លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ឱ្យភ្នាក់ងារសន្ដិសុខឯកជន ធ្វើជាផ្នែកមួយក្នុងការចូលរួមចំណែកការពារជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងការប្រកួតកីឡា ស៉ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការលើកឡើងរបស់ លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ស្ដីពីការរៀបចំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងទិសដៅក្នុងការប្រកួតកីឡាស៊ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ជាច្រើនរូបផងដែរ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ 

ថ្លែងក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនសន្ដិសុខឯកជន និងចលនាចូលរួមការពារព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ឆ្នាំ២០២២ និងលើកទិសដៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម Sea Game លើកទី៣២ ឆ្នាំ២០២៣ ។

តាងនាម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានធ្វើការផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗរួមមាន៖

ទី១៖ បន្តជម្រុញអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ

ទី២៖ យកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសភ្នាក់ងារសន្តិសុខ ឲ្យស្របទៅតាមអនុក្រឹត្យ និងប្រកាសរបស់លក្ខខណ្ឌ (ជៀសវាងសមាសភាពមិនល្អជ្រៀតចូលជាភ្នាក់ងារសន្តិសុខឯកជន) មន្ត្រីនគរបាលដែលចូលនិវត្តន៍ ហើយនៅមានសុខភាពល្អរឹងមាំ និងមានបំណងចង់ចូលធ្វើជាភ្នាក់ងារសន្តិសុខឯកជន គួរលើកទឹកចិត្ត

ទី៣៖ លើកកម្ពស់ និងគាំទ្រការបណ្តុះបណ្តាល បំប៉នជំនាញសន្តិសុខ (ចាត់បញ្ចូនកម្លាំងភ្នាក់ងារមកទទួលការបណ្តុះបណ្តាល បំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ)

ទី៤៖ ចូលរួមចំណែកបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសការប្រើប្រាស់អាវុធខុសច្បាប់, ការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន, ចោរកម្ម, ការចាប់ជម្រិត (គាំទ្ររាល់កិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ នានា របស់សមត្ថកិច្ច ចូលរួមចំណែកអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល)

ទី៥៖ បន្តកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍៖ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងប្រកួតកីឡាស៉ីហ្គេម Sea Game ឆ្នាំ២០២៣។

លោកអគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងទៀតថា ក្រៅពីការចូលរួមជួយក្នុងផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ឱកាសនេះក្រុមហ៊ុនក៏អាចផ្សព្វផ្សាយនូវសកម្មភាពដល់សាធារណៈ និងបង្កើននូវជំនឿទុកចិត្តពីគុណភាពសេវាកម្ម ដែលឆ្លុះបញ្ចាំងពីស្នាដៃគូមិនអាចខ្វះបានក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

បន្ថែមពីនេះ លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានឲ្យដឹងទៀតថា ក្រុមហ៊ុនក៏អាចដកពិសោធន៍បានពីការចូលរួមដល់ភ្នាក់ងារសន្ដិសុខឯកជន ដើម្បីបង្កើននូវសមត្ថភាព ចំណេះដឹង និងឈានទៅពង្រឹង ពង្រីកគុណភាពសេវាកម្មរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី អគ្គនាយក/អគ្គនាយិកា ដែលបានអនុវត្តតាមគោលការណ៍ បទដ្ឋានគតិយុត្ត និងសហការជាមួយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្នុងការចាត់កម្លាំងចូលរួមសហប្រតិបត្តិការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារក្នុងព្រឹត្តការណ៍ការពារបុណ្យជាតិនានា និងការបិទខ្ទប់រាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ដោយទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។

លោកប្រធាននាយកដ្ឋានបានបន្ដទៀតថា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងភ្នាក់ងារសន្តិសុខឯកជន បានចូលរួមអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» តាមបណ្តាគោលដៅដែលឈរជើង ធ្វើឲ្យភូមិ-ឃុំ-សង្កាត់ មានសន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិទាំងមូល។ លោកថា ផ្អែកតាមផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ របស់គណៈបញ្ជាការការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញ ឲ្យមានការចូលរួមពីកម្លាំងសន្តិសុខឯកជន ប្រមាណ៥០០នាក់៕

ដោយ : សហការី


ចែករំលែក៖