ប្រទេសថៃ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើលោក ឈូន លីកផៃ ប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិសេសប្រជាជនតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្តថែរក្សា មរតកប្រពៃណីល្អពីដូនតា ក្នុងការជួយយកអាសារគ្នា ជួយគ្នាក្នុងគ្រាអាសន្ន ការឈឺថ្កាត់ តម្រូវការសេវាសុខាភិបាលបន្ទាន់ រួមនិងការដោះដូរទំនិញបម្រើឱ្យជីវភាពប្រចាំថ្ងៃ ធ្វើយ៉ាងណាបង្កភាពងាយស្រួល ដល់ប្រជាជនទាំងសងខាង។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ ក្នុងឱកាស ជួបពិភាក្សាការងារជាមួយ លោក ឈួន លីកផៃ ប្រធានរដ្ឋសភាប្រទេសថៃ និងជាប្រធាន APPF លើកទី៣០ នាព្រឹកថ្ងៃសុក្រទី២៨ ខែតុលាឆ្នាំ២០២២នេះ នៅរដ្ឋសភាប្រទេសថៃ ខណៈសម្តេចដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនថៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនចំណាកស្រុកកម្ពុជា កំពុងស្នាក់នៅប្រកបការងារនៅក្នុងព្រះរាជាណាចក្រថៃ និងទទួលឱកាសបានរៀនសូត្រផងដែរ។
លោក ឈួន លីកផៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំAPPF លើកទី៣០ ឱកាសនេះ។ លោកបានគំាទ្រចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថានាមប្រធានរដ្ឋសភាថៃ ឯកឧត្តមតែងតែយកចិត្តទុកចំពោះទំនាក់ទំនងប្រទេសទំាងពីរ ពិសេសនៅក្នុងអំឡុង ពេលជំងឺកូវីដ១៩នេះ រដ្ឋសភាថៃបានស្នើដល់រដ្ឋាភិបាលថៃឱ្យយកចិត្តទុកដាក់ដល់ពលករបរទេសទំាងអស់ ដែលកំពុងធ្វើការនៅក្នុងប្រទេស នៅក្នុងនោះមានពលករកម្ពុជាផងដែរ។
លោកប្រធានរដ្ឋសភាបានជម្រាបសម្តេចថា លោកនឹងដឹកគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាននិងអាយប៉ា និងមហាសន្និបាតAIPA លើកទី៤៣នៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក ឈួន លីកផៃ បានបង្ហាញក្តីរីករាយចំពោះសមិទ្ធផលទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-ថៃ ក៏ដូចជារវាងរដ្ឋសភាទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាជាតិទំាងសងខាង និងបានរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។
ជាចុងបញ្ចប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងអបអរសាទរដល់រដ្ឋសភាថៃ ដែលបានរៀបចំកិច្ចប្រជុំ APPF លើកទី៣០ នេះយ៉ាងល្អ និងអធិកអធមនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕
ដោយ : សិលា