ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន កាលពីថ្ងៃទី២៦-២៧ ខែតុលាម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន លើកទី៥ (5th ASEAN Inclusive Business Summit) ក្រោមមូលបទ “Together ASEAN IBee” នៅខេត្តសៀមរាប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពី លោក ប៊ុន ចន្នី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក លោកស្រី ឧកញ៉ា និងលោក-លោកស្រី តំណាងក្រសួង-ស្ថាប័នជាតិ ជំនាញការ ប្រទេសសមាជិកអាស៊ាន និងវិស័យឯកជនជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំ គឺគាំទ្រការអនុវត្តគោលការណ៍ណែនាំដើមី្បជំរុញអាជីវកម្មបរិយាប័ន្ន “Inclusive Business (IB)” អាស៊ាន និងពិភាក្សាពីកាលានុវត្តន៍ភាពកិច្ចសហប្រតិបត្តិការលើយន្តការគាំទ្រពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាព តម្រង់ទិស ការទទួលស្គាល់ ការតាមដានផលប៉ះពាល់ និងការកាត់បន្ថយហានិភ័យហិរញ្ញប្បទាន។
កម្មវិធីនៃកិច្ចប្រជុំនេះរៀបចំឡើងក្នុងទម្រង់ជាកិច្ចពិភាក្សាជាក្រុម (Panel Discussion) ស្របតាមប្រធានបទដែលត្រូវ ពិភាក្សាពាក់ព័ន្ធនឹងតួនាទីរបស់ IB រួមមាន៖ វឌ្ឍនភាពស្តីពីគោលការណ៍ណែនាំសម្រាប់ASEAN IB ការកំណត់បញ្ហាប្រឈមរួមគ្នានិងផលប៉ះពាល់តាមរយៈស្ត្រីក្នុងអាជីវកម្ម ការទទួលស្គាល់លើកទឹកចិត្តនិងតម្រង់ទិសអាជីវកម្មសង្គម ការទទួលហិរញ្ញប្បទាននិងកាត់បន្ថយហានិភ័យវិនិយោគ ដំណោះស្រាយបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ ប្រព័ន្ធផលិតកម្មម្ហូបអាហារនិងកសិកម្ម តួនាទីIBក្នុងខ្សែច្រវាក់តម្លៃសកល និងផែនការអនុវត្ត IBee។
ក្នុងកិច្ចពិភាក្សាខាងលើ លោកអនុរដ្ឋលេខាធិការ ត្រូវបានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងប្រធានបទ “តួនាទីIB ក្នុងខ្សែច្រវាក់តម្លៃសកល” និងបានគូសរំលេចចំណុចសំខាន់ៗចំនួន០៤ គឺ៖
១)- ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានបន្តគាំទ្រអនុវត្តគម្រោងដែលមានស្រាប់ និងគំនិតផ្តួចផ្តើមថ្មីទាក់ទងនឹង IB ដើម្បីជំរុញរបៀបវារៈអភិវឌ្ឍន៍អាជីវកម្មបរិយាប័ន្នក្នុងតំបន់។ ការជំរុញជាយុទ្ធសាស្ត្រ
ដ៏សំខាន់ ក្រោមការផ្តល់ជំនួយសេដ្ឋកិច្ចជាអទិភាពរបស់កម្ពុជាឆ្នាំ២០២២ គឺលើកកម្ពស់សមាហរណកម្មអាស៊ានប្រកបដោយភាពធន់ ប្រកួតប្រជែង និងគាំទ្រតួនាទីសហគ្រិនភាពស្ត្រីក្នុងវិស័យ SMEs អាស៊ាន។
២)- រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយកំណើន និងបរិយាប័ន្ន ដូចដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមមួយចំនួនដូចជា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការ
យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
៣)- ការចូលរួមគាំទ្រការរៀបចំយុទ្ធសាស្ត្រ ស្តីពីការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា “ Inclusive Business enable environment Cambodia (IBeeC) ” ស្របតាមគោលការណ៍ណែនាំ សម្រាប់ការជំរុញIB ក្នុងអាស៊ាន និងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន ដែលមានអន្តរក្រសួងចូលរួម។
៤)- កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មប្រកបដោយបុរេសកម្ម ក្នុងការរួមចំណែកលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា ដូចបានដាក់ចេញក្នុងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា(CTIS) ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលិខិតបទដ្ឋានអនុវត្តន៍នានា។
បន្ថែមពីនេះ គឺការសម្រួលដល់វិស័យធុរកិច្ច តាមរយៈការធ្វើសាមញ្ញភាពប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីធានាសកម្មភាពធុរកិច្ចគ្រប់ធុនអាចធ្វើសមាហរណកម្ម ទៅក្នុងខ្សែច្រវាក់តម្លៃជាតិ និងតំបន់។ ក្រៅពីនេះ គឺការចរចាបើកច្រកទីផ្សារបន្ថែម និងជំរុញការធ្វើពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាផ្នែកមួយនៃគោលនយោបាយការធ្វើពិពិធកម្មនាំចេញរបស់រាជរដ្ឋាភិបាល លើកកម្ពស់បរិយាកាសវិនិយោគ និងបង្កភាពងាយស្រួលដល់សកម្មភាពអាជីវកម្ម ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ផងដែរ៕
ដោយ៖សហការី