ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌទួលគោក បើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ AC ៣ខ្សែ និងស្តារលូ ២ខ្សែ ជាគម្រោងអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក ជា ពិសី   អភិបាល​ នៃគណៈអភិបាលខណ្ឌទួលគោក អញ្ជើញ​ជាអធិបតី​បើកការដ្ឋានជួសជុលផ្លូវអ៊ុត កៅស៊ូ AC ៣ខ្សែ និងស្តារលូ ២ខ្សែ ជាគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០២២ ក្រោយពី ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ខាងលើ បានទទួលរងការខូចខាត ដែលទាមទារឱ្យមាន ការជួសជុលឡើងវិញ។

ក្នុង​ពិធីបើកការដា្ឋនគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០២២នេះដែរ​ ដោយមានការចូលរួមពី មន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ ប្រមាណ ២០០ នាក់ នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

នាឱកាសនោះ​ លោក ជា ពិសី​ បានថ្លែងថា​ ស្ថានភាពហេដ្ឋា រចនាសម្ព័ន្ធ ដូចជាប្រព័ន្ធផ្លូវ និងប្រព័ន្ធលូ មួយចំនួននៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក មានការខូចខាត ដែលទាមទារឱ្យមានការជួសជុលឡើងវិញ។ ដើម្បីឆ្លើយតបទៅនឹង បញ្ហាខាងលើនេះ ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌ បានរៀបចំផែនការអភិវឌ្ឈរបស់ខ្លួន ដោយផ្តោតជាសំខាន់ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការជួសជុលផ្លូវចាក់អ៊ុត កៅស៊ូ AC ការជួសជុលផ្លូវចាក់បេតុងសរសៃដែក ការជួសជុលដាក់លូថ្មី ការជួសជុល អណ្តូងលូ ដែលមានសភាព ចាស់ទ្រុឌទ្រោម និងការស្ថាលូបង្ហូរទឹកសំអុយជាដើម។

លោក​អភិបាលខណ្ឌរូបនេះ​ បានថ្លែងបន្តថា​ សម្រាប់ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌទួលគោក បានលើកគម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ AC ចំនួន ៣ ខ្សែ និងគម្រោងស្តារលូ ផ្លូវចំនួន ២ ខ្សែ និងបានបើកការដ្ឋានជួសជុល និងស្តារលូឡើងវិញ នៅពេលនេះ ដែលក្នុងនោះ រួមមាន៖ ទី១. ការងារជួសជុសផ្លូវអ៊ុតកៅស៊ូ AC ផ្លូវលេខ២៦៥ (ខាងត្បូងផ្សារ សំណង់១២) ប្រវែង ១៤០ម៉ែត្រ ទទឹង ៩ម៉ែត្រ ផ្ទៃក្រឡា ៨៤០ ម៉ែត្រការ៉េ ។ ទី២- ផ្លូវលេខ២៦៥ (ខាងជើងផ្សារសំណង់១២)ប្រវែង៩៥ ម៉ែត្រទទឹង ៩ម៉ែត្រ ផ្ទៃក្រឡា ៥៧០ ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ។ ទី៣ ផ្លូវលេខ៣៦២ ចាប់ពីផ្លូវលេខ ២៥៥ ដល់ផ្លូវលេខ២៦១ស្ទួន ប្រវែង ២០០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ផ្ទៃក្រឡា ១.៨០០ ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់បឹងសាឡាង។ ស្តារលូ ផ្លូវលេខ២៥៧ ចាប់ពីផ្លូវលេខ ១២៩ ដល់ផ្លូវលេខ២៣០ ប្រវែង ២.១២០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ និងសង្កាត់ទឹកល្អក់ទី៣ ។ ផ្លូវលេខ២០២ ចាប់ពីផ្លូវលេខ ២៥៣ ដល់ផ្លូវលេខ ២១៩ ប្រវែង១៩៣២ម៉ែត្រ ស្ថិតក្នុងផ្សារដេប៉ូទី១ សង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរ។

ដើម្បីឱ្យក្រុមហ៊ុនដំណើរការ ការងារខាងលើ ប្រកបដោយភាពរលូន និងអនុវត្តសម្រេច​បានតាមផែនការការងារ ដែលបានគ្រោងទុក លោកអភិបាលខណ្ឌ បានស្នើឱ្យ ចៅសង្កាត់ ពាក់ព័ន្ធទាំងអស់ ជួយសហការ ពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ជាប់នឹងការដ្ឋាន ឱ្យបានដឹង និងចូលរួមសហការតាមដាន ការអនុវត្តតម្រោង៕

ដោយ​៖សហការី​


ចែករំលែក៖