ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងថា ចាប់ពីពេលនេះតទៅសូមគូស្វាមី ភរិយាថ្មីអាចនាំគ្នាមកដាំកូនឈើក្នុងសួនអនុស្សារីយ៍អាពាហ៍ពិពាហ៍ស្ថិតនៅក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ១គូ បាន១ដើម ដើម្បីរួមគ្នាការពារបរិស្ថានឱ្យល្អប្រសើរ។
ការថ្លែងនេះនាឱកាសលោក ងួន រតនៈ អភិបាលខេត្ត លោក តិប ញតា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធ រួមទាំងគូស្វាមីជាច្រើនរូបចូលរួមកម្មវិធី ដាំកូនឈើក្នុងសួនអនុស្សារីយ៍អាពាហ៍ពិពាហ៍ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ។
លោក ងួន រនៈ អភិបាលខេត្តកំពង់ធំបានបន្តថា ការដាំកូនឈើក្នុងសួនខាងលើនេះ វាជាការចូលរួមដ៏ល្អសំរាប់មន្ត្រីរាជាការ ដាំកូនឈើសួនអាពាហ៍ពិពាហ៍នៅទីនេះ ថ្ងៃនេះទោះបីជាយើងមិនបានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍នៅសាលាឃុំយ៉ាងណាក្តី មុនមកដាំកូនឈើនៅទីនេះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធសឹងបានរៀបអាពាហ៍ពិពាហ៍រួមមកហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងបានដាំកូនឈើ ក្នុងនាមគូស្វាមី ភរិយាក្នុងសួនខាងលើនេះ ។
លោកបានបន្តថា ថ្ងៃនេះជាថ្ងៃដ៏ល្អសូមឧទ្ទិសឱ្យព្រឹត្តិការណ៍ដាំកូនឈើនេះឲ្យមានអាយុវែង មានន័យអោយសួនខាងលើនេះអោយមានសភាពស្រស់បំព្រងជានិច្ច និងចូលរួមថែទាំកូនឈើទាំងអស់នេះអោយបានល្អមិនមែនដាំហើយទុកចោលនោះទេ ដាំហើយមកថែទាំងផង ដើម្បីអោយកូនឈើមានការលូតលាស់ល្អប្រសើរ ក៏ជាការលូតលាស់ក្តីស្រលាញ់អាពាហ៍ពិពាហ៍យើងផងដែរ ។
ទន្ទឹមនោះដែរលោកអភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា ព្រៃឈើជាសម្បត្តិធម្មជាតិ ដ៏មានសារៈសំខាន់ ក្នុងការរក្សាបាននូវលំនឹង ដែលមានមុខងារជាច្រើនដូចជា ៖ រក្សានិយ័តកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្ដល់ផលអនុផលព្រៃឈើ សម្រាប់ប្រើប្រាស់ភាសាជីវៈចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្ត ចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតនៅលើពិភពផែនដីយើងនេះ ។ យ៉ាងណាម៉ិញ ការបាត់បង់ព្រៃឈើវានឹងក្លាយជាបញ្ហាដែលបង្កឱ្យដីបាត់បង់ជីជាតិ និងងាយកើតមានឡើងនូវគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ។
ជាចុងក្រោយលោក ងួន រតនៈ បានសំណូមពរ អោយអធិការដ្ឋានខាងជើងបឹងទន្លេសាប ជាទីតាំងអណត្តិគ្រប់គ្រងរដ្ឋបាលព្រៃឈើ សូមចូលរួមការការពារកូនឈើក្នុងសួននេះអោយបានល្អប្រសើរ ក្នុងនាមជាអាជ្ញាធរដែនដី ដើម្បីសហកាណ៍ ។ ទី១ សូមរៀបចំបន្ថែមទីនេះអោយមានសម្បទានគ្រប់គ្រាន់ ដើម្បីជាកន្លែងណាដែរអាចយកកូនឈើដាំបាន ហើយត្រូវមានផ្លូវ ជាឡូត៍រណ្តៅ ដើម្បីកំណត់ចំនួនអោយបានច្បាស់លាស់ ហើយអាជ្ញាធរជួយជម្រុញឲ្យកូនក្មួយចុះអាពាហ៍ពិពាហ៍ថ្មីមកដាំកូនឈើ ។ ទី២ មន្ត្រីរាជការទាំងអស់ដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយដែលមិនទាន់បានដាំ អាចជម្រុញក្នុងការដាំកូនឈើនៅទីនេះ។ ហើយអោយសួននេះប្រែរូបរាងអោយបានឆាប់រហ័ស និងមានសភាពស្អាតស្រស់បំព្រង ។ ហើយទំហំដីនៅទីនេះក៏មានទំហំមិនធំប៉ុន្មានទេ ដូច្នេះសូមចលនាបន្ថែមទៀតចំពោះគូរស្វាមី ភរិយាថ្មី ជាលក្ខណៈក្រុមគ្រួសារ និងឯកជនក្តីសូមចូលរួមដាំកូនឈើនៅសួនខាងលើនេះទាំងអស់គ្នា ៕
ដោយ៖កែវ មន្នី