ភ្នំពេញ ៖ ស្ថិតក្នុងបរិយាកាសដ៏សែនមនោរម្យ នៃពិធីចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសម្តែងនូវក្តីអំណរសាទរឥតឧបមា ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយក្រៃលែង គោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចចៅហ្វាវាំង សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ ចម្រើនជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំកាកបាទក្រហមកម្ពុជា និងស្ថាប័នព្រះបរមរាជវាំង ទទួលបានជោគជ័យថ្មីៗថែមទៀត។
ក្នុងទិវាដ៏ប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងគណៈប្រតិភូបានគោរពជូន សម្តេចចៅហ្វាវាំង នូវផ្កាស្រស់ល្អ ១កន្ត្រក និងបានគោរពជូននូវសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារថា «ក្នុងអភិមង្គលដ៏វិសេសថ្លៃថ្លានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការកោតសរសើរនិងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ចំពោះ សម្តេចចៅហ្វាវាំង ដែលគ្រប់ពេលវេលាលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ ក្នុងបេសកកម្មដ៏ធំធេងដឹកនាំស្ថាប័នព្រះបរមរាជវាំង សម្រេចបានជោគជ័យលើកិច្ចការងារជាតិ អន្តរជាតិ ចាំបាច់ធំៗជាច្រើន ថ្វាយ ព្រះករុណា និង ហ្លួងម៉ែជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ មាតុភូមិ និងប្រជាជន។ លើសពីនេះទៅទៀត សម្តេចចៅហ្វាវាំង បានឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការរួមចំណែកដឹកនាំយ៉ាងសកម្ម ក្នុងបេសកកម្មមនុស្សធម៌ ជាមួយសមាគមជាតិកាកបាទក្រហមកម្ពុជា ពង្រឹងបាននិរន្តរភាពនៃចលនាកាកបាទក្រហមកម្ពុជា សំដៅរួមចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចអភិវឌ្ឍ និងវឌ្ឍនភាពសង្គម បានកាន់តែរឹងមាំថែមទៀត។»
ក្នុងបរិយាកាសដ៏ប្រសើរថ្លៃថ្លានេះ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូន សម្តេចចៅហ្វាវាំង និង លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សិលា