ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២ខែវិច្ឆិកា បានបញ្ជាក់ថា មានពាក្យគំរាមកំហែងពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន ស្តីពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតក្នុងពេលដែលបរាជ័យ។ នោះជាសកម្មភាពឆ្ពោះទៅរកភាពចលាចលក្នុងសង្គម។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បាននិយាយថា ការគំរាមកំហែងដោយបេក្ខជនមកពីគណបក្សសាធារណរដ្ឋមួយចំនួន ក្នុងការបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ អាចនឹងកើតមានឡើង ប្រសិនបើពួកគេចាញ់ ហើយលោកក៏បានបន្ទោសអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការសាបព្រោះវប្បធម៌បែបនេះដែរ។
ក្នុងសុន្ទរកថាមួយ ប៉ុន្មានថ្ងៃមុននឹងសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ជាពេលដែលប្រជាជនអាមេរិកត្រូវធ្វើការសម្រេចចិត្តថាតើគណបក្សប្រជាធិបតេយ្យនៅតែអាចបន្តគ្រប់គ្រងសភាទាំង២ ឬក៏ដល់វេនគណបក្សសាធារណរដ្ឋត្រឡប់មកគ្រប់គ្រងវិញម្ដង លោកបៃឌិនបានគូសបញ្ជាក់ដូច្នេះថា «សូមកុំបង្កើតកំហុស, លទ្ធិប្រជាធិបតេយ្យគឺនៅលើសន្លឹកឆ្នោតរបស់យើងទាំងអស់គ្នា។ រឿងរ៉ាវដែលបានកើតឡើង វាជាភស្តុតាងដែលថា លទ្ធិប្រជាធិបតេយ្យអាមេរិកស្ថិតនៅក្រោមការគំរាមកំហែងរយៈពេលតិចជាង២ឆ្នាំ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក»។
លោក បៃឌិន បានបន្ថែមថា «ជនសង្ស័យបានចូលទៅក្នុងផ្ទះរួចសួរថា លោកស្រី ប៉េឡូស៉ី នៅឯណា? ទាំងនេះគឺជាពាក្យដូចគ្នាដែលមនុស្សមួយក្រុមបាននិយាយ នៅពេលដែលពួកគេសម្រុកចូលវិមានកាពីតូល។ អ្នកបដិសេធលទ្ធផលបោះឆ្នោត ត្រូវបានបំផុសគំនិតដោយលោក ត្រាំ ដែលកំពុងគិតអំពីការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៤»។
គួរបញ្ជាក់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ ខណៈដែលលោក បៃឌិន កំពុងប្រឈមមុខនឹងលទ្ធភាពដែលគណបក្សសាធារណរដ្ឋ អាចនឹងឈ្នះការគ្រប់គ្រងលើសភាតំណាងរាស្ត្រអាមេរិក ឬព្រឹទ្ធសភា ឬក៏អាចគ្រប់សភាទាំង២ឡើងវិញ ក៏ថាបាន៕ ដោយ៖ ធីរីណា
រូបថត ៖ Zingnews.vn