ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបេីករថយន្ដ​​ទំនើប​ម៉ាក​PORSCHE ទៅបុករង្វង់មូលនាងបីកួរស្រូវ​ រងការខូចខាតយ៉ាងដំណំ​ និងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស៣នាក់ជាជនជាតិចិន​ បាន​ធ្វេីដំណេីររួមគ្នាដោយរថយន្ដ​ស៊េរី​ទំនើប​ម៉ាក​PORSCHE មួយគ្រឿងក្នុងល្បឿនលឿន​ហេីយជ្រុលទៅបុក​ឡេីង​ខឿន​រង្វង់​មូល​នាងបីកួរស្រូវ​ បណ្ដាលឱ្យរង្វង់មូលនិងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ​ និងធ្វេីឱ្យបុរស៣នាក់ខាងលេីរងរបួសធ្ងន់ម្នាក់​ ស្រាល២នាក់​ ​។ 

​    ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​១២​ និង៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ​ស្ថិត​នៅត្រង់​ចំណុចរង្វង់មូលនាងបី​កួរស្រូវ​ ក្នុងសង្កាត់​រលួស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។

​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុ​គេឃេីញរថយន្ដ​ស៊េរី​ទំនើប​ម៉ាក​PORSCHE ពណ៌ស ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AT-7787​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៤​ ពីលិចទៅកេីតក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកេីតហេតុ​ រថយន្តបង្កមិនបត់តាមផ្លូវទេ​បែរជាទៅមុខត្រង់បុកខឿនឡេីងលេីរង្វង់នាងបីកួរស្រូវ​ រងការខូចខាតខឿននិងដេីមផ្កាលម្អ ព្រមទាំងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ​ ។ ភ្លាមៗនោះស្រាប់តែឃេីញបុរស៣នាក់ដែលជាជនជាតិចិននៅក្នុងរថយន្តបង្ក​មានម្នាក់រងរបួសធ្ងន់​ និង២នាក់ទៀតរងរបួសស្រាល​ ហេីយពួកគាត់បានទាក់ទងរថយន្តគ្នីគ្នារបស់គាត់មកដឹកជនរងគ្រោះដែលរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង​ ដោយបន្សល់រថយន្តបង្កនៅកន្លែងកេីតហេតុ​ ។ 

​    ក្រោយ​មក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងសហការជាមួយកម្លាំងសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វេី​ការ​វាស់​វែង​យក​រថយន្ត​បង្កទៅ​រក្សា​ទុក​រង់ចាំដោះស្រាយ​តាមច្បាប់​នាពេលក្រោយ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖