ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន ស្រវឹងស្រាបើករថយន្តNissan មួយគ្រឿង បានរេចង្កូតទៅបុករះរបងផ្ទះប្រជាពលរដ្ឋ៤កន្លែងក្បែរគ្នា បណ្ដាលឲ្យរងការខូចខាតសម្ភារៈលក់ដូរអស់ជាច្រើនរួមនឹងខូចខាតម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿង រួចរថយន្តបង្កព្យាយាមបើករត់ទាំងដែកសំយាបផ្ទះជាប់ក្រោមរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញឃាត់ជាប់ កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ហៅផ្លូវបុរីភ្នំពេញថ្មី ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិន ដែលស្រវឹងស្រាបានបើករថយន្ត Nissan មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកភ្នំពេញ2AC-8626ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតបុករះរបងផ្ទះលក់ដូរមួយកន្លែងនិងម៉ូតូមួយគ្រឿងដែលចតនៅមុខផ្ទះ អូសម៉ូតូជាច្រើនម៉ែត្រ រួចរថយន្តបង្កបានបន្តទៅបុករះរបងផ្ទះប្រជាពលរដ្ឋ ៣ កន្លែងទៀតនៅជាប់គ្នាបណ្ដាលឲ្យផ្ទះ៣កន្លែងរងការខូចខាតធ្ងន់ធ្ងរនិងខូតខាតសម្ភារៈលក់ដូរអស់ជាច្រើន ព្រមទាំងរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងរងការខូចខាតផងដែរ ចំណែកផ្ទះមួយកន្លែងទៀតរងការខូចខាតបន្តិចបន្តួច។
ក្រោយកេីតហេតុភ្លាមៗ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយប្រឹងព្យាយាមបើករត់ទាំងដែកសំយាបផ្ទះជាប់នៅក្រោមរថយន្តអូសរហូតដល់ចំណុចស្តុបលូ៥ ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញឃាត់ជាប់ រួចបានធ្វើការឃាត់ខ្លួនតៃកុងរថយន្តបង្ក នាំមកប៉ុស្តិ៍នគរបាល ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងតៃកុងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ